នគរបាលកូរ៉េខាងត្បូង នឹងដាក់ពង្រាយកម្លាំងយ៉ាងច្រើន ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើន និងសាលារៀនយ៉ាងតិចមួយកន្លែងនឹងត្រូវបិទ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពតានតឹងដ៏អាក្រក់ណាមួយ នៅពេលដែលតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងសម្រេចថា តើត្រូវដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ឬដាក់លោកកាន់តំណែងឡើងវិញ នៅក្នុងសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងរបស់លោក។

ជោគវាសនានយោបាយរបស់លោក Yoon ស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី០៣ ខែធ្នូ បាននាំទៅដល់ការចោទប្រកាន់ទម្លាក់តំណែង និងការចោទប្រកាន់ព្រហ្មទណ្ឌដាច់ដោយឡែកពីគ្នាផ្សេងទៀតអំពីការបះបោរ។

សេចក្តីសម្រេចនៃការចោទប្រកាន់ទម្លាក់តំណែង រំពឹងថានឹងមកដល់ឆាប់ៗក្នុងសប្តាហ៍នេះ ហើយទាំងអ្នកគាំទ្រ និងគូប្រជែងរបស់លោក Yoon ត្រូវបានគេរំពឹងថានឹងចេញបាតុកម្មក្នុងចំនួនដ៏ច្រើន ខណៈការតវ៉ានាពេលថ្មីៗនេះបានប្រមូលផ្តុំមនុស្សម្នារាប់ម៉ឺននាក់។

លោក Lee Ho-young អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិ បានប្រាប់អ្នកយកព័ត៌មានថា "កងកម្លាំងកំពុងរៀបចំផែនការទប់ទល់ ដោយពិចារណាលើស្ថានភាពដ៏អាក្រក់បំផុតណាមួយ"។ លោក Lee បន្ថែមថា មន្ត្រីនគរបាលអាចប្រើថ្នាំបាញ់ផ្សែងម្រេច ឬដំបង ក្នុងករណីមានអំពើហិង្សា ស្រដៀងទៅនឹងអ្វីដែលបានកើតឡើងអំឡុងពេលបាតុកម្មដោយអ្នកគាំទ្រលោក Yoon នៅលើអគារតុលាការ កាលពីខែមករាកន្លងទៅ៕