ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន នឹងធ្វើសមយុទ្ធយោធា នៅឆ្នេរសមុទ្រអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ។
ប្រទេសទាំងបី បានធ្វើសមយុទ្ធស្រដៀងគ្នា នៅក្នុងតំបន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានបញ្ជាក់ថា សមយុទ្ធ «នឹងចាប់ផ្តើម នៅថ្ងៃអង្គារ នៅក្នុងកំពង់ផែ Chabahar» ដែលមានទីតាំង នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ នៅលើឈូងសមុទ្រអូម៉ង់ ដោយមិនបានបញ្ជាក់អំពីរយៈពេលនៃការធ្វើសមយុទ្ធនោះទេ។
យោងតាមសារព័ត៌មាន Tasnim បានឲ្យដឹងថា៖«នាវាចម្បាំង និងការប្រយុទ្ធ និងនាវាគាំទ្រនៃកងកម្លាំងជើងទឹកចិន និងរុស្ស៊ី ក៏ដូចជានាវាចម្បាំងនៃកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។
ទីភ្នាក់ងានេះ បានឲ្យដឹងទៀតថា សមយុទ្ធនេះ នឹងប្រព្រឹត្តទៅ «នៅភាគខាងជើងមហាសមុទ្រឥណ្ឌា» ហើយមានគោលបំណង «ពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី រវាងប្រទេសដែលចូលរួម»។
ក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម WeChat ថា ប្រទេសចិន នឹងដាក់ពង្រាយ «នាវាពិឃាតមួយគ្រឿង និងនាវាផ្គត់ផ្គង់មួយគ្រឿង។
កាលពីខែកុម្ភៈ កងទ័ពអ៊ីរ៉ង់ បានធ្វើសមយុទ្ធនៅក្នុងតំបន់នេះដែរ ដើម្បី «ពង្រឹងសមត្ថភាពការពារប្រឆាំងនឹងការគំរាមកំហែងណាមួយ»។