ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក Ahmed al-Sharaa បានបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើមូលហេតុនៃការកើនឡើងភាពតានតឹងនាពេលបច្ចុប្បន្ន នៅក្នុងបណ្តាខេត្តឆ្នេរនៅភាគខាងលិចប្រទេសស៊ីរី។
យោងតាមការបង្ហោះ Telegram នៃការិយាល័យរបស់លោក al-Sharaa គណៈកម្មាធិការដែលមានសមាជិកចំនួន ៧រូប មានភារកិច្ចស៊ើបអង្កេតលើ «ឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិល» «ការវាយប្រហារលើស្ថាប័នរដ្ឋាភិបាល កងទ័ព និងមន្រ្តីសន្តិសុខ» កំណត់អត្តសញ្ញាណជនល្មើស និងចោទប្រកាន់ពួកគេ។ គណៈកម្មាធិការថ្មីនេះ ក៏នឹងស៊ើបអង្កេតលើ «មូលហេតុ កាលៈទេសៈ និងលក្ខខណ្ឌ ដែលនាំឲ្យមានការ វិវឌ្ឍទាំងនេះ»។
គណៈកម្មាធិការ ត្រូវរាយការណ៍អំពីការរកឃើញរបស់ខ្លួន ជូនប្រធានាធិបតី ក្នុងរយៈពេល ៣០ថ្ងៃ។
កាលពីថ្ងៃទី៦ ខែមីនា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ផ្សេងៗនៃអភិបាលខេត្ត Latakia រវាងកងកម្លាំងសន្តិសុខស៊ីរី និងក្រុមប្រដាប់អាវុធ ដែលគាំទ្រអតីតប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ( Bashar al-Assad) ។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុត បានកើតឡើងក្នុងទីក្រុង Jableh ជាទីជម្រក របស់ក្រុមជនជាតិភាគតិចអាឡាវីត(Alawite) ដែលគ្រួសារលោក អាសាដ ( Assad) ជារបស់សហគមន៍នេះ។