ក្រសួងការបរទេសរបស់ទីក្រុងម៉ានីល នៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ បានលើកឡើងថា ប្រទេសចិនគួរតែទទួលស្គាល់ថា ប្រទេសហ្វីលីពីន គឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ ដែលសកម្មភាព និងការសម្រេចនានា ត្រូវបានជំរុញទាំងស្រុងដោយផលប្រយោជន៍ជាតិ ហើយមិនមែនទៅតាមការដាក់ទិសដៅរបស់ប្រទេសដទៃនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការអត្ថាធិប្បាយពីប្រទេសចិន ដែលថា ទីក្រុងម៉ានីលត្រូវបានដឹកនាំដោយកម្លាំងខាងក្រៅនោះ ក្រសួងបានលើកឡើងថា៖ «យើងសូមអំពាវនាវឲ្យប្រទេសនានាមានការប្រុងប្រយ័ត្ន និងចៀសវាងសកម្មភាព និងពាក្យសម្តីដែលរួមចំណែកដល់ភាពតានតឹង នៅក្នុងតំបន់»។
គួររំលឹកថា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមីនា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា សកម្មភាពរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង មិនឯករាជ្យនោះទេ ប៉ុន្តែជាផ្នែកនៃ «ទិដ្ឋភាពដែលរៀបចំឡើងដោយកម្លាំងខាងក្រៅ» ដើម្បីលាបពណ៌ចិន។
ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនេះ៕