លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ទីក្រុងកង់បេរ៉ា នឹងពិចារណាលើសំណើសុំជំនួយណាមួយពីទីក្រុងគីវ និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជម្រើសនៃការបញ្ជូនកងរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។
លោកបានប្រាប់សារព័ត៌មាន ABC News ថា៖«យើងពិតជាយកចិត្តទុកដាក់ចំពោះការគាំទ្រអ៊ុយក្រែន ហើយយើងតាំងពីពេលដែលយើងចូលកាន់តំណែង នៅក្នុងរដ្ឋាភិបាល (ក្នុងខែឧសភា ឆ្នាំ២០២២) ហើយយើងបានយករាល់សំណើដែលបានស្នើឡើង ហើយមើលពីរបៀប ដែលយើងអាចគាំទ្របានល្អបំផុត។
លោក Marles បានចង្អុលបង្ហាញថា៖«ប្រសិនបើមានការស្នើសុំជាចុងក្រោយទាក់ទងនឹងការផ្តល់កងរក្សាសន្តិភាព យើងនឹងពិចារណាឲ្យបានល្អិតល្អន់។ ប៉ុន្តែយើងកំណត់ថា នៅពេលនេះ មិនមានសន្តិភាព ដើម្បីរក្សានោះទេ» ដោយបានបន្ថែមថា យើងពិតជាមានបុគ្គលិកអូស្ត្រាលីដែលនៅក្នុងចក្រភពអង់គ្លេស ដែលឥឡូវនេះកំពុងផ្តល់ការបណ្តុះបណ្តាលដល់អ្នកជ្រើសរើសថ្មី សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយជាការពិតពួកគេ បានបញ្ចប់ការបណ្តុះ បណ្តាលនោះ ចាប់តាំងពីចុងឆ្នាំ ២០២០។
លោក Marles ក៏បាននិយាយផងដែរថា នៅថ្ងៃទី ១១ ខែមីនា តំណាងយោធារបស់អូស្ត្រាលីប្រចាំនៅអង្គការណាតូ ( NATO) លោក Di Turton នឹងចូលរួមក្នុងកិច្ចប្រជុំនៃប្រទេសនានា នៅទីក្រុងប៉ារីស ដែលនឹងថ្លឹងថ្លែងពីលទ្ធភាពនៃការបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែន ក្នុងនាមជាអ្នករក្សាសន្តិភាព។
ប្រទេសអូស្ត្រាលី បានបញ្ជូនសព្វាវុធ និងសម្ភារៈ ទៅឲ្យអ៊ុយក្រែន តាំងពីខែមីនា ឆ្នាំ២០២២។ ប្រទេសនេះ បានផ្តល់ជំនួយយោធាជាង ១ ពាន់លានដុល្លារ ដល់ទីក្រុងគីវ ដោយចំណាយជាង ៨៨០ លានដុល្លារ ទៅលើអាវុធ និងគ្រាប់រំសេវ។