កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងលិចរបស់ខ្លួន នៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។
នៅក្នុងសារមួយផ្ញើទៅកាន់អ្នកសារព័ត៌មាន នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា មីស៊ីលត្រូវបានបាញ់ឆ្ពោះទៅសមុទ្រ ម្ដុំឆ្នេរភាគខាងលិច នៅវេលាម៉ោងប្រហែល ១:៥០នាទីរសៀល ម៉ោងក្នុងស្រុក ដោយបានបន្ថែមថា យោធាកូរ៉េខាងត្បូង បានបង្កើនការតាមឃ្លាំមើល និងប្រុងប្រយ័ត្ន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរិះគន់សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនានេះ ដោយលើកឡើងថា ទាំងនេះនឹងធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែអាក្រក់ទៅៗ។
JCS បានប្រាប់ឲ្យដឹងនៅមុននេះថា សមយុទ្ធយោធារួមគ្នាដែលហៅថា Freedom Shield (ខែលការពារសេរីភាព) គ្រោងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែមីនា ហើយមានគោលបំណងពង្រឹងការត្រៀមខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងនានា ដូចជាពីកូរ៉េខាងជើងនេះជាដើម៕