បាល់ទាត់៖ ក្រុមជើងឯករងរដូវកាលមុន Manchester City បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ហើយក្នុងនាមជាក្រុមលេខ ១ ក្នុងពូល A ក្រោយវាយបកយកឈ្នះ Paris Saint Germain ២-១ នៅ Etihad Stadium យប់មិញ។

ខ្សែប្រយុទ្ធបារាំង Kylian Mbappe គឺជាអ្នកបើកការនាំមុខឱ្យក្រុមភ្ញៀវមុននៅនាទីទី៥០ មុនពេលដែល Raheem Sterling តាមស្មើនៅនាទីទី៦៣ និងគ្រាប់ជ័យជំនះសំរេចបានដោយខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus នៅនាទីទី៧៦។ ក្រុមរបស់លោក Pep Guardiola នៅតែជាក្រុមមានប្រៀបជាងក្នុងការប្រកួតនេះតាមរយៈការគ្រប់គ្រងបាល់ច្រើនជាង និងឱកាសស៊ុត ១៦លើកចំគោលដៅ ៦ ខណៈ PSG បើទោះជាមាន Superstar ទាំង ៣នាក់ជុំគ្នាក៏ដោយរួមមាន Kylian Mbappe, Messi និង Neymar តែឱកាសស៊ុតសរុបមានតែ ៧លើក និងចំគោលដៅតែ ២លើកប៉ុណ្ណោះ។

Manchester City ឈ្នះការប្រកួតនេះធ្វើឱ្យពួកគេឡើងវគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ ១ ក្នុងពូលមាន ១២ពិន្ទុឯ Paris Saint Germain ក៏ធានាបានកៅអីវគ្គបន្តដែរក្នុងនាមជាក្រុមលេខ ២ មាន ៨ពិន្ទុដាច់ក្រុមលេខ ៣ RB Leipzig ៤ពិន្ទុ។ ក្រុមអាល្លឺម៉ង់ RB Leipzig បានបំបាក់ក្រុមម្ចាស់ផ្ទះ Club Bruges ៥-០ ដែលធ្វើឱ្យក្រុមទាំងពីរនៅពេលនេះមាន ៤ពិន្ទុស្មើគ្នាពោលគឺនៅសល់ឱកាសត្រឹមដណ្តើមគ្នាយកលេខ ៣ ដើម្បីសល់កៅអីនៅ UEFA Europa League៕
អត្ថបទ៖នាង សុភាវុធ