មនុស្សជាងកន្លះលាននាក់ កំពុងប្រឈមនឹងការរំខានការធ្វើដំណើរ នៅឯអាកាសយានដ្ឋានអាល្លឺម៉ង់ នាថ្ងៃចន្ទ (ទី១០ ខែមីនា) ជាថ្ងៃដែលកូដកម្មរយៈពេល ២៤ម៉ោង បាននាំឲ្យមានការលុបចោលជើងហោះហើររាប់ពាន់វ៉ុល ពាក់ព័ន្ធនឹងជម្លោះប្រាក់ឈ្នួលរបស់កម្មករ។
ប្រតិបត្តិកររបស់អាកាសយានដ្ឋាន នៅទីក្រុង Frankfurt ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសអាល្លឺម៉ង់ បានប្រាប់ឲ្យដឹងថា គ្មានជើងហោះហើរអ្នកដំណើរណាមួយ នឹងចាកចេញពីទីនោះបានលោះយ នៅថ្ងៃទី១០ ខែមីនានេះ ដោយមានការពន្យារពេល និងការលុបចោលផងដែរ នៅថ្ងៃទី១១ ខែមីនា។
អ្នកនាំពាក្យរបស់អាកាសយានដ្ឋាន Frankfurt បាននិយាយថា ក្នុងចំណោមជើងហោះហើរទៅ និងមកចំនួន ១.១១៦វ៉ុល ដែលបានគ្រោងទុក នៅទីក្រុង Frankfurt នាថ្ងៃទី១០ ខែមីនានេះ ១.០៥០វ៉ុល ត្រូវបានលុបចោលរួចហើយ ដោយចំនួនត្រូវបានរំពឹងថា នឹងកើនឡើងទៀត។

កូដកម្មដែលអំពាវនាវឲ្យធ្វើដោយសហជីព Verdi កាលពីថ្ងៃទី៧ ខែមីនា ប៉ះពាល់ដល់អាកាសយានដ្ឋានចំនួន ១៣ នៅទូទាំងប្រទេស ដែលរួមទាំងនៅទីក្រុង Munich, Berlin និង Dusseldorf។
ចំណែកកម្មករ នៅអាកាសយានដ្ឋាន Hamburg បាននាំគ្នាធ្វើកូដកម្មរបស់ពួកគេ នៅមុនគម្រោងមួយថ្ងៃ ដោយមានការលុបចោលជើងហោះហើរជិត ៣០០វ៉ុល នៅទីនោះ កាលពីថ្ងៃទី៩ ខែមីនា។
គួរបញ្ជាក់ថា សហជីព Verdi កំពុងទាមទារដំឡើងប្រាក់ឈ្នួល ៨ភាគរយ ឬយ៉ាងហោចណាស់ ក៏ឡើង ៣៥០អឺរ៉ូ (ប្រមណជា ៣៨០ដុល្លារ) បន្ថែមទៀត ក្នុងមួយខែ ក៏ដូចជាប្រាក់បន្ថែមខ្ពស់ជាងនេះ និងពេលសម្រាកបន្ថែមទៀត។ និយោជកបានច្រានចោលការទាមទារនេះថា មិនអាចទទួលយកបាន។ ការចរចាគ្រោងបន្ត នៅចុងខែមីនា៕


