នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់ បានថ្កោលទោសអំពើហិង្សាកាលពីពេលថ្មីៗនេះនៅប្រទេសស៊ីរី ជាទីដែលមានការប៉ះទង្គិចគ្នារវាងក្រុមភក្តីភាពនឹងលោក Assad និងកងកម្លាំងរដ្ឋាភិបាលអ៊ិស្លាមថ្មីរបស់ប្រទេសមួយនេះដែលបណ្តាលឲ្យមនុស្សជាង ១ពាន់នាក់ បាត់បង់អាយុជីវិត ភាគច្រើននៃពួកគេគឺជាជនស៊ីវិល ។
លោក Esmaeil Baghaei គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយថា រាល់អំពើហិង្សាណាមួយនៃការកាប់សម្លាប់មនុស្ស និងរាល់សកម្មភាពប្រឆាំងជនស៊ីវិល ត្រូវបានថ្កោលទោស ហើយវាគ្មានហេតុផលត្រូវធ្វើបែបហ្នឹងនោះទេ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Baghaei បានច្រានចោលការចោទប្រកាន់ចំពោះការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ ក្នុងហេតុការណ៍នៅប្រទេសស៊ីរី ដោយពួកគេចាត់ទុកថា ការចោទប្រកាន់ទាំងនេះ គ្មានមូលដ្ឋាននោះទេ ។
គួរឲ្យដឹងថា អំពើហិង្សាបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសស៊ីរី ស្របពេលដែលកងកម្លាំងរបស់ក្រុមមេដឹកនាំអ៊ិស្លាមថ្មី ចាប់ផ្តើមបោសសម្អាតការបះបោរកើនឡើងពីក្រុមជនជាតិភាគតិច Alawite ។
ក្រុមអាជ្ញាធរស៊ីរី និយាយថា អំពើហិង្សាបានផ្ទុះឡើងពេលដែលក្រុមសំណល់ភក្តីភាពចំពោះមេដឹកនាំទម្លាក់ចេញពីអំណាចលោក Assad បើកការវាយប្រហារសម្លាប់មនុស្ស និងរៀបផែនការបានយ៉ាងល្អលើកងកម្លាំងរបស់ពួកគេ កាលពីថ្ងៃព្រសហ្បតិ៍សប្តាហ៍មុន ។
ប្រេសិតពិសេស UNប្រចាំនៅស៊ីរីលោក Geir Pedersen បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដ៏តានតឹងនេះ និងការសម្លាប់នៅតំបន់ឆ្នេររវាងកងកម្លាំងរបស់អាជ្ញាធរបណ្តោះអាសន្នស៊ីរី និងក្រុមភក្តីភាពជាមួយអតីតរបប ក្នុងនោះមានសេចក្តីរាយការណ៍ជាច្រើនពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិល ៕