ចិន៖ ប្រទេសចិនបានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើ "កំហុស" ក្នុងការអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ នាពេលខាងមុខរបស់លោក Biden។ ក្នុងអំឡុងកិច្ចប្រជុំតាមវីដេអូរវាងប្រធានាធិបតីចិន និងអាមេរិកកាលពីថ្ងៃទី១៦ វិច្ឆិកា លោក Xi Jinping បានព្រមានថា លោក Biden «កំពុងតែប្រឡែងលេងជាមួយភ្លើង» នៅពេលដែលនិយាយដល់បញ្ហាកោះតៃវ៉ាន់។
ភាពតានតឹងជុំវិញកោះតៃវ៉ាន់បានរួមចំណែក ដល់ការរង្គោះរង្គើដ៏ធំរវាងទំនាក់ទំនងអាមេរិក និងចិន។ រដ្ឋាភិបាលចិនបានប្រាប់លោកប្រធានាធិបតី Joe Biden ថា ការអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ នាពេលខាងមុខគឺជា "កំហុស"។ យោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថា លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនប្រឆាំងនឹងអន្តរកម្មផ្លូវការណាមួយរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ចិន។ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងតាមវីដេអូនៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូខាងមុខ។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានថា "សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការបង្ហាញលទ្ធិប្រជាធិបតេយ្យគ្រាន់តែជាការបិទបាំង និងជាឧបករណ៍សម្រាប់ដើម្បីជំរុញគោលបំណងភូមិសាស្ត្រនយោបាយរបស់ខ្លួន គាបសង្កត់ប្រទេសផ្សេងទៀត បែងចែកពិភពលោក និងបម្រើផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។ បញ្ជីឈ្មោះប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ដែលបង្ហាញថា កោះតៃវ៉ាន់ស្ថិតក្នុងចំណោមមេដឹកនាំចំនួន ១១០រូបដែលសហរដ្ឋអាមេរិកបានអញ្ជើញ៕
អត្ថបទ៖ សុខមាន