នៅថ្ងៃចន្ទនេះ ពលរដ្ឋអ៊ីស្រាអែល នាំគ្នាតវ៉ានៅក្រៅតុលាការស្រុកស្ថិតក្នុងទីក្រុងតែល អាវីវ ជាទីដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ផ្តល់សក្ខីកម្មនៅក្នុងសំណុំរឿងពុករលួយដ៏រ៉ាំរ៉ៃរបស់លោក ។
ស្លៀកពាក់ក្នុងឯកសណ្ឋានពណ៌លឿង និងកាន់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ក្រុមបាតុករបានទាមទារឲ្យលោក Netanyahuលាលែងពីតំណែង និងបានចាត់ទុកលោកថាពុករលួយ ។
សារព័ត៌មានអ៊ីស្រាអែល បានរាយការណ៍កាលពីពេលថ្មីៗនេះថា ការស៊ើបអង្កេតចំពោះទំនាក់ទំនងរវាងក្រុមជំនួយការជិតស្និតបំផុតមួយចំនួនរបស់លោក Netanyahu និងប្រទេសកាតា ត្រូវបានចាប់ផ្តើម ។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel 13 News របស់អ៊ីស្រាអែល បានឲ្យដឹងថា ករណីសង្ស័យនេះ ពាក់ព័ន្ធនឹងប្រាក់រាប់ម៉ឺនដុល្លារទទួលបានពីប្រទេសកាតា ផ្តល់ជូនក្រុមជំនួយការរបស់លោក Netanyahu ។
លោក Netanyahu បានធ្វើដំណើរមកដល់តុលាការស្រុកទីក្រុងតែល អាវីវ ជាមួយក្រុមមេធាវីរបស់លោក ។ លោកបានច្រានចោលរាល់ទោសកំហុសទាំងអស់ ហើយបានផ្តល់ភាពគ្មានទោសនៅក្នុងករណីពុករលួយដ៏រ៉ាំរ៉ៃនេះ ។
សូមបញ្ជាក់ថា លោក Netanyahu វ័យ ៧៥ឆ្នាំ គឺជានាយករដ្ឋមន្រ្តីកំពុងកាន់អំណាចលើកដំបូងគេដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ៕