ក្រសួងការពារជាតិ នៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការយោធាស៊ីរី ប្រឆាំងនឹងក្រុមស្មោះត្រង់ ចំពោះអតីតប្រធានាធិបតី លោក Bashar al-Assad ត្រូវបានបញ្ចប់។
គួរបញ្ជាក់ថា បើយោងតាមក្រុមអ្នកតាមដានសង្គ្រាម បានឲ្យដឹងថា ការប៉ះទង្គិចគ្នា រវាងក្រុមស្មោះស្ម័គ្រនឹងលោក Assad និងមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសនេះ នៅតំបន់ឆ្នេរដ៏សំខាន់របស់អតីតប្រធានាធិបតី បានសម្លាប់មនុស្សជាង ១.០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។
តាមរយៈសេចក្តីថ្លែងការណ៍ នៅលើបណ្ដាញសង្គម X អ្នកនាំពាក្យក្រសួងការពារជាតិ លោក Hassan Abdul Ghany បានឲ្យដឹងថា ឥឡូវនេះស្ថាប័នសាធារណៈ អាចចាប់ផ្ដើមការងាររបស់ពួកគេឡើងវិញ ហើយផ្តល់សេវាកម្មសំខាន់ៗ។
យ៉ាងណាក្ដី លោកបានបន្ថែមថា មានផែនការ ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងក្រុមនៅសល់ដែលស្មោះស្ម័គ្រនឹងរដ្ឋាភិបាលមុន និងលុបបំបាត់ការគំរាមកំហែងណាមួយ នាពេលអនាគត។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក មេដឹកនាំស៊ីរី លោក Ahmed al-Sharaa បានប្តេជ្ញាតាមប្រមាញ់ជនល្មើសនៃការប៉ះទង្គិចគ្នាដោយហិង្សា ហើយបាននិយាយថា លោកនឹងដាក់ទោស ចំពោះជនណាដែលធ្វើហួសពីសិទ្ធិអំណាចរបស់មេដឹកនាំថ្មី។
ហើយការិយាល័យរបស់លោក Al-Sharaa ក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការប៉ះទង្គិច និងការសម្លាប់ដែលធ្វើឡើងដោយភាគីទាំង២៕