ក្រោយពីជម្លៀសចេញពីផ្ទះរងការបំផ្លិចបំផ្លាញ និងរស់នៅក្នុងសំពត់តង់នៅទីក្រុង Khan Younis អ្នកស្រី Ghada al-Rakab វ័យ ៤០ឆ្នាំ និយាយថា អ្នកស្រីពិតជាពិបាកខ្លំាងណាស់ក្នុងទទួលបានតម្រូវការមូលដ្ឋានចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងដែនដីបិទច្រកមួយនេះ ។
អ្នកស្រី Al-Rakab និយាយថា តើពួកយើងរស់នៅបែបណាកើត? គ្មានចរន្តអគ្គិសនី គ្មានទឹក គ្មានជីវិត ពួកយើងពុំបានរស់នៅក្នុងជីវិតត្រឹមត្រូវនោះទេ ។ តើជីវិតរបស់ពួកយើងនៅសេសសល់អ្វីទៀត? ព្រះអាចមកនាំយកពួកយើងទៅជាមួយបានដែរឬទេ ឲ្យពួកយើងសម្រាកខ្លះបានដែរឬទេ ។
អ្នកស្រីបន្តថា ច្រកឆ្លងកាត់ព្រំដែនបានបិទរួចទៅហើយ ។ គ្មានឧស្ម័ននោះទេ ដូច្នេះហើយអ្នករាល់គ្នាងាកមកប្រើប្រាស់ចង្រ្កានដីឥដ្ឋ ។ តើហេតុអ្វីបានជាពួកគេមិនបើកព្រំដែន? តើពួកគេចូលចិត្តអ្វីដែលកំពុងកើតឡើងឬ?
គួរឲ្យដឹងថា ដំណាក់កាលទី ១នៃបទឈប់បាញ់ដ៏ផុយស្រួយបានបញ្ចប់ទៅហើយកាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបិទច្រកទាំងស្រុងមិនឲ្យនាំចូលទំនិញនោះទេទៅកាន់តំបន់ហ្កាហ្សា ដោយពួកគេទាមទារឲ្យក្រុហាម៉ាស់ដោះលែងចំណាប់ថ្នូរសេសសល់ទាំងអស់ តែពួកគេពុំបានចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សានោះទេ ។
ក្រុមហាម៉ាស់ និយាយនៅថ្ងៃចន្ទនេះថា ពួកគេបង្ហាញភាពបត់បែននៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួល ហើយនិងរង់ចាំលទ្ធផលកិច្ចខិតខំពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ក្នុងការចរចាជាមួយអ៊ីស្រាអែល ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពហ្កហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៤៨.០០០នាក់ ។ មនុស្សស្ទើតែទាំងអស់នៅក្នុងតំបន់ហ្កាហ្សា បានជម្លៀសខ្លួន និងនាំឲ្យមានការចោទប្រកាន់ពីការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម គឺជាការចោទប្រកាន់មួយដែលអ៊ីស្រាអែល បានធ្វើការច្រានចោលទាំងស្រុង ៕