វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីមើលឃើញថា ការស្តាឡើងវិញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺជាការងារលំបាក និងវែងឆ្ងាយ ប៉ុន្តែពួកគេមានជំនឿថា មាននូវឆន្ទៈរបស់ភាគីទាំង ២ក្នុងការបោះជំហានឆ្ពោះទៅមុខ ។
ចំណាត់ការភ្លាមៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបន្តការសម្របសម្រួលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឲ្យអ៊ុយក្រែន និងសម្ព័ន្ធអឺរ៉ុបពុំសប្បាយចិត្តនោះឡើយ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃមាគ៌ាឆ្ពោះទៅរកការស្តាឡើងវិញទំនាក់ទំនងទ្វេភាគី ។
លោកបន្តថា ផ្លូវនៅវែងឆ្ងាយ និងពិបាក ប៉ុន្តែយ៉ាងហោចណាស់ប្រធានាធិបតីទាំង ២ បានបង្ហាញឆន្ទៈនយោបាយនៅក្នុងទិសដៅមួយនេះ ។
លោក Peskov និយាយទៀតថា ការទាក់ទងគ្នាតាមទូរស័ព្ទរវាងលោក Putin និងលោក Trump មិនញឹកញាប់នោះទេ ប៉ុន្តែការជជែកគ្នារបស់ពួកគេកាលពីពេលថ្មីៗនេះ មានលក្ខណៈស្ថាបនាគ្រប់គ្រាន់ ដើម្បីរក្សារការសន្ទនា និងដោះស្រាយបញ្ហា ៕