សេវាកម្មសម្ងាត់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមមន្រ្តីរបស់ខ្លួន បានបាញ់ប្រហារបុរសប្រដាប់អាវុធម្នាក់នៅក្រៅសេតវិមាន កាលពីថ្ងៃអាទិត្យ ក្រោយការប្រឈមមុខដាក់គ្នា ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នបុរសម្នាក់នោះ ស្ថិតនៅក្នុងមន្ទីរពេទ្យ ។ រូបភាពវីដេអូឃ្លីបថតបានពីកន្លែងកើតហេតុ ឃើញផ្លូវបិទ ខណៈកងកម្លាំងសន្តិសុខបើកការស៊ើបអង្កេតរបស់ពួកគេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពុំបានស្នាក់នៅក្នុងសេតវិមាននោះទេ ពេលដែលការបាញ់ប្រហារកើតឡើង ខណៈដែលលោកចំណាយពេលចុងសប្តាហ៍នៅគេហដ្ឋានក្នុងរដ្ឋ Florida ។
ក្រុមមន្រ្តីសេវាកម្មសម្ងាត់សហរដ្ឋទទួលបានការណ៍សម្ងាត់កាលពីថ្ងៃសៅរ៍ពីក្រុមអាជ្ញាធរក្នុងស្រុកថា មនុស្សអត្តឃាតម្នាក់ អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចេញពីរដ្ឋ Indiana ។
មន្រ្តីពង្រឹងច្បាប់ជាន់ខ្ពស់ ២រូប និយាយប្រាប់ទូរទស្សន៍ NBC News ថា បុរសសង្ស័យមានឈ្មោះ Andrew Dawson អាយុ ២៧ឆ្នាំ មកពីរដ្ឋ Indiana ។ គ្មានបុគ្គលិកសេវាកម្មសម្ងាត់ណាម្នាក់ ត្រូវបានគេរាយការណ៍ថា មានរបួសនោះឡើយនៅក្នុងឧបទ្ទេវហេតុមួយនេះ ៕