ប្រទេសវៀតណាម រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ខ្លួន ជួបជាមួយមន្ត្រីពាណិជ្ជកម្ម និងថាមពលសហរដ្ឋអាមេរិក។ នេះបើយោងតាមឯកសាររដ្ឋាភិបាលដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីមាននូវសារផ្សះផ្សាជាច្រើនសប្តាហ៍ ដែលវៀតណាមបានផ្ញើទៅទីក្រុងវ៉ាស៊ីនតោន ជាកិច្ចប្រឹងប្រែង ដើម្បីបញ្ចៀសការដំឡើងពន្ធរបស់រដ្ឋបាលលោក Donald Trump ដែលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះអាចត្រូវប្រឈមជាមួយ ដោយសារតែអតិរេកពាណិជ្ជកម្មដ៏ធំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
ឯកសារថ្ងៃទី៥ ខែមីនា របស់ក្រសួងពាណិជ្ជកម្ម បង្ហាញពីកាលវិភាគនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Nguyen Hong Dien ទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។
ឯកសារនោះ ក៏បានចុះបញ្ជីក្រុមហ៊ុនថាមពល និងនាយកដ្ឋានរដ្ឋាភិបាលផងដែរ រាប់ចាប់ពីពន្ធលើទំនិញនាំចេញ-នាំចូល រហូតដល់ការប្រមូលពន្ធ និងការអនុវត្តច្បាប់នានា ដែលត្រូវបានស្នើសុំឲ្យបញ្ជូនអ្នកតំណាងអមដំណើរទៅ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានឲ្យដឹងនៅវេបសាយរបស់ខ្លួនថា លោក Dien ដែលជាអ្នកទទួលបន្ទុកគោលនយោបាយថាមពល និងឧស្សាហកម្មផងដែរនោះ នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) ដើម្បីជួបតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។
តែរដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀង ឬប្រធានបទដែលត្រូវពិភាក្សានោះឡើយ៕