បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool ថ្វីបើមានកៅអីនៅវគ្គបន្តក្តីនៅតែយកឈ្នះក្រុមភ្ញៀវព័រទុយហ្កាល់ FC Porto ២-០ បន្តស្ថិតិឈ្នះ ១០០% ក្នុងពូល B។ ក្រុមម្ចាស់ផ្ទះហាក់ចាប់ផ្តើមមិនបានល្អឡើយនៅវគ្គទី១ ពោលគឺក្រុមភ្ញៀវ Porto មានឱកាសពីរលើកសំខាន់ៗតែធ្វើមិនបានសំរេច។

យ៉ាងណាក្តីក្រុមរបស់លោក Jurgen Klopp ត្រូវរង់ចាំដល់នាទីទី៥២ ទើបអាចរកបានគ្រាប់នាំមុខដោយ Thiago Alcantara មុនពេលដែល Mohamed Salah ធានាជ័យជំនះនៅនាទីទី៧០។ ប្រកួតនេះ Liverpool ក៏បានទុកកីឡាករសំខាន់ៗមួយចំនួនឱ្យសម្រាកផងដែរដូចជាខ្សែការពារ Virjil van Dijk, Trent Alexander-Arnold និង Fabinho។ ជ័យជំនះនេះធ្វើឱ្យ Liverpool បន្តឈ្នះ ៥ប្រកួតពេញក្នុងពូល B នេះខណៈ Porto នៅសល់ឱកាសអ៊ុតកៅអីវគ្គ ១៦ក្រុមនៅប្រកួតចុងក្រោយក្នុងពូល។

កៅអីលេខ ២ ក្នុងពូលបានបើកចំហបន្ទាប់ពី AC Milan យកឈ្នះនៅទឹកដី Atletico Madrid ១-០ ចុងម៉ោងដោយ Junior Messias មានន័យថា AC Milan ឡើងមកលេខ ៣ មាន ៤ពិន្ទុស្មើជាមួយ Atletico Madrid ដែលនៅក្រោមគេខណៈ Porto ឈរលេខ ២ មាន ៥ពិន្ទុ។ ប្រកួតចុងក្រោយក្នុងពូល AC Milan ត្រូវជួប Liverpool ខណៈ Porto ទទួល Atletico Madrid៕
អត្ថបទ៖នាង សុភាវុធ