មន្រ្តីមួយរូបរបស់អ៊ុយក្រែននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនាថ្ងៃចន្តនេះថា ទីក្រុងគីវ នឹងស្នើសុំឲ្យមានបទឈប់បាញ់លើអាកាស និងជើងទឹកជាមួយរុស្ស៊ី អំឡុងកិច្ចប្រជុំជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនាថ្ងៃអង្គារស្អែកនេះ ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានដាក់សំណើនេះជាមធ្យោបាយមួយ ដើម្បីផ្តួចផ្តើមការចរចាបញ្ឈប់ការវាយលុកពេញលេញរបស់រុស្ស៊ីអស់រយៈពេលជាង ៣ឆ្នាំ ។
មន្រ្តីអ៊ុយក្រែនមួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ពួកយើងពិតជាមានសំណើមួយសម្រាប់បទឈប់បាញ់តាមអាកាស និងតាមសមុទ្រ ពីព្រោះថា ទាំងនោះគឺជាជម្រើសបទឈប់បាញ់ដែលងាយស្រួលតាមដានលទ្ធភាពនៃការចាប់ផ្តើមសនិ្តភាពជាមួយពួកគេ ។
លោក Zelenskyy ដែលក្រុមមន្រ្តីរបស់លោកជួបភាគីសហរដ្ឋអាមេរិករយៈពេលតិចជាង ២សប្តាហ៍ក្រោយជម្លោះពាក្យសម្តីរបស់លោកនៅសេតវិមានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា រុស្ស៊ីគឺជាហេតុផលតែមួយគត់នាំឲ្យសង្រ្គាមនៅតែបន្ត ។
លោក Trumpបានផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក Vladimir Putin និងបានរិះគន់លោក Zelenskyy ជាហតុនាំឲ្យមានក្តីកង្វល់នៅទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ អាចនឹងព្យាយាមបង្ខំឲ្យអ៊ុយក្រែនទទួលយកការដំណោះស្រាយជម្លោះលំអៀងខាងរុស្ស៊ី ៕