ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei បានប្រកាសរយៈពេលកាន់ទុក្ខក្រោយគ្រោះទឹកជំនន់ដ៏គំហក់បានវាយប្រហារទីក្រុងកំពង់ផែ Bahia Blanca ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ ក្នុងនោះមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ការិយាល័យប្រធានាធិបតីអាហ្សង់ទីន បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា ប្រទេសអាហ្សង់ទីននឹងធ្វើការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃចំពោះសោកនាដកម្មស្លាប់មនុស្សនេះ ដែលបានកើតមានឡើង ក្រោយភ្លៀងធ្លាក់ខ្លាំង វាយប្រហារទីក្រុង Bahia Blanca ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះ ពុំបានបញ្ជាក់ពីពេលចាប់ផ្តើមកាន់ទុក្ខនោះទេ ។
សេចក្តីថ្លែងការណ៍បន្តថា តំបន់ទាំងអស់របស់រដ្ឋាភិបាលនឹងត្រូវឧទ្ទឹសកុសលដល់ដួងព្រលឹងជនរងគ្រោះ ដើម្បីជួយជនរងគ្រោះក្នុងពេលវេលាដ៏ក្រៀមក្រំនេះ សម្រាប់ពលរដ្ឋអាហ្សង់ទីនទាំងអស់ ។
សូមបញ្ជាក់ថា ទឹកជំនន់ស្លាប់មនុស្ស បានកើតមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ពេលដែលមានភ្លៀងធ្លាក់ខ្លាំងដ៏អាក្រក់បំផុតប្រចាំឆ្នាំ កើតមាននៅជុំវិញទីក្រុង Bahia Blanca ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងទីក្រុង Buenos Aires ៕