បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នេះបើតាមការលើកឡើងរបស់ប្រភពមួយកាលពីថ្ងៃចន្ទ (១០ មីនា)។ លោក Witkoff ដែលជាប្រេសិតមជ្ឈិមបូព៌ាផ្លូវការរបស់លោក Trump បានដើរតួនាទីកាន់តែសំខាន់ឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ៣ឆ្នាំនៅអ៊ុយក្រែន។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះ បានបញ្ជាក់ពីរបាយការណ៍របស់សារព័ត៌មាន Bloomberg ដែលថា លោក Witkoff នឹងធ្វើដំណើរកាន់ទៅក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយលោក Putin ប៉ុន្តែមិនមានព័ត៌មានលម្អិតពីពេលវេលាជាក់លាក់ទេ។ លោក Trump តែងបង្ហាញពីបំណងចង់ជួបជាមួយលោក Putin ហើយចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោកបានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទំនាក់ទំនងដ៏ត្រជាក់ជាមួយរុស្ស៊ី នៃរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Joe Biden។

គួររម្លឹកថា លោក Witkoff បានជួបលោក Putin នៅទីក្រុងមូស្គូកាលពីខែមុន ហើយបាននាំយកមកវិញនូវគ្រូបង្រៀនជនជាតិអាមេរិកម្នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំនៅរុស្ស៊ី។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កំពុងដឹកនាំគណៈប្រតិភូទៅអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអង្គារ ១១ មីនា នេះ ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន អំពីសង្គ្រាម។ មន្ត្រីអាមេរិក គ្រោងនឹងប្រើប្រាស់កិច្ចប្រជុំនេះ ជាមួយផ្នែកដើម្បីកំណត់ថា តើអ៊ុយក្រែន មានឆន្ទៈក្នុងការធ្វើសម្បទានដល់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម ឬទេ៕