ភ្នំពេញ៖ ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនាកម្ម នៃរដ្ឋសភា ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១ស្ថាប័នរដ្ឋសភានៅព្រឹកថ្ងៃនេះ។
ការបោះឆ្នោតជ្រើសតាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកនេះ ដោយសមាជិកសភារហូតដល់ ១០៧សំឡេង បានបោះឆ្នោតគាំទ្របេក្ខភាពរបស់ឯកឧត្ដម ជាម យៀប ឱ្យធ្វើជាអនុប្រធានទី១រដ្ឋសភា។
ឯកឧត្តម ជាម យៀប នឹងកាន់តំណែងជាអនុប្រធានទី១រដ្ឋសភា បន្ទាប់ពីឯកឧត្តម ងួន ញ៉ិល អតីតអនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពកាលពីដើមខែវិច្ឆិកានេះ។
ស្ថិតក្នុងវ័យ ៧៥ឆ្នាំ ឯកឧត្ដម ជាម យៀប បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣មក។
មុនក្លាយជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្ដម ជាម យៀប គឺជាអតីតអភិបាលខេត្តព្រៃវែងផងដែរនៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៧ ហើយបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅចន្លោះឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ១៩៩៣៕
អត្ថបទ ៖ សេក ឧត្ដម






