សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះផ្លូវការក្រុមជម្រើសជាតិកម្ពុជា ដែលមានកីឡាករ ២៣នាក់ ត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិអារូបា នាថ្ងៃទី១៩ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
ការបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការនេះ ធ្វើឡើង ១ថ្ងៃក្រោយសហព័ន្ធបានប្រកាសតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ជាមួយកិច្ចសន្យារយៈពេល ១ឆ្នាំ សម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី១០ ខែមីនា បន្ទាប់ពីលោកបានដឹកនាំក្រុមគោព្រៃ បានមួយរយៈពេលខ្លី ក្នុងនាមគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីចុងឆ្នាំ២០២៤ កន្លងទៅ។
សម្រាប់សមាសភាពកីឡាករ ២៣រូប ដែលជ្រើសរើសដោយគ្រូបង្វឹកជនជាតិជប៉ុនវ័យ ៦០ឆ្នាំប្លាយរូបនេះ រួមមាន៖
- សមាជិកក្លិបព្រះខ័នរាជស្វាយរៀង មាន ៦រូប គឺកីឡាករ សឿយ វិសាល, សារ៉េត គ្រីយ៉ា, Nick Taylor, ញាណ សុស៊ីដាន, ជូន ស៊ីនទិ និងអ្នកចាំទី វីរៈ ដារ៉ា។
- សមាជិកក្លិបភ្នំពេញក្រោន មាន ៥រូប គឺកីឡាករ អូសិ តាកាគិ, យូឌៃ អូកាវ៉ា, នេតូ រ៉ុនដុន រ៉ាហ្វេអេស, លឹម ពិសុទ្ធ និង បុង សាំយូអ៊េល
- សមាជិកក្លិបវិសាខា មាន៖កីឡាករ កាន់ ម៉ូ, អ៊ុក សុវណ្ណ, ស៊ិន កក្កដា, ស៊ិន សុវណ្ណមករា, ស រតនា និងអ្នកចាំទី កែវ សុខសិលា
- សមាជិកក្លិបណាហ្គាវើលដ៏ មាន ២រូប គឺកីឡាករ ផាត សុខា និងអ្នកចាំទី រ៉េតលីហេង ។
- សមាជិកក្លិបបឹងកេត មាន ២នាក់ គឺកីឡាករ សៀង ចន្ធា និង តាំង ប៊ុនឆៃ ។
- រីឯ ២រូបទៀត គឺកីឡាករ ឃូលីបាលី អាបឌែល មកពីអង្គរថាយហ្គឺរ និងកីឡាករ ហាវ សុខនេត្រ មកពី ISI ដង្កោសែនជ័យ ។
សមាសភាពកីឡាករជម្រើសជាតិលើកនេះ មានការផ្លាស់ប្ដូរមួយចំនួន ធៀបនឹងបញ្ជីឈ្មោះកីឡាករ ក្នុងការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Cup 2024 ដែលដឹកនាំដោយលោក Koji Gyotoku កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ។
ក្រោយបង្ហាញបញ្ជីឈ្មោះផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងពេលឆាប់ៗ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតចំពោះមុខ ពោលគឺត្រៀមជួបក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Duong នាថ្ងៃទី១៩ ខែមីនា និងត្រៀមបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិ Arubaមកពីទ្វីបអាហ្វ្រិក នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕



