សង្រ្គាមដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យអ្នកវិនិយោគមិនស្រួលចិត្ត ជាមួយនឹងការភ័យខ្លាចនៃសេដ្ឋកិច្ចធ្លាក់ចុះ ដែលជំរុញឱ្យមានការលក់ចេញយ៉ាងច្រើនកុះករពីទីផ្សារភាគហ៊ុន ដោយបានបំផ្លាញតម្លៃភាគហ៊ុន ៤សែនកោដិ៍ដុល្លារ ចេញពីកម្រិតខ្ពស់បំផុតរបស់សម្ព័ន្ធអាមេរិក S&P 500 កាលពីខែមុន នៅពេលផ្សារហ៊ុនអាមេរិក Wall Street កំពុងអបអររបៀបវារៈជាច្រើនរបស់លោក Trump។

គោលនយោបាយថ្មីៗរបស់លោក Trump បានបង្កើនភាពមិនច្បាស់លាស់សម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងវិនិយោគិន ជាពិសេសពន្ធសងសឹកទៅវិញទៅមក ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាកាណាដា ម៉ិកស៊ិក និងចិន។

ការលក់ភាគហ៊ុនពីផ្សារហ៊ុនពិភពលោកកាន់តែជ្រៅឡើងកាលពីថ្ងៃចន្ទ (១០ មីនា) ដោយសន្ទស្សន៍ S&P 500 របស់អាមេរិក បានថយ ២,៧% ដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតនៃឆ្នាំនេះ។ ភាគហ៊ុនបច្ចេកវិទ្យាអាមេរិក Nasdaq ក៏រអិលចុះ ៤% នៅក្នុងការធ្លាក់ចុះរយៈពេលមួយថ្ងៃដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក។

សរុបមក សន្ទស្សន៍ S&P 500 កាលពីថ្ងៃចន្ទ បានបិទក្នុងតួលេខធ្លាក់ចុះ ៨,៦% ពីកម្រិតខ្ពស់បំផុតកាលពីថ្ងៃទី១៩ ខែកុម្ភៈ របស់ខ្លួន ដែលជាការខាតតម្លៃជាង ៤សែនកោដិ៍ដុល្លារ នៅក្នុងតម្លៃទីផ្សារចាប់តាំងពីរយៈពេលនោះមក។ ស្ថាប័នបច្ចេកវិទ្យា Nasdaq វិញក៏បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការធ្លាក់ចុះជាង ១០% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួននៅខែធ្នូផងដែរ៕