យោធាចិន បានប្តេជ្ញារឹតបន្តឹងតំបន់ជុំវិញកោះតៃវ៉ាន់ ប្រសិនបើសកម្មភាពផ្តាច់ខ្លួននៅលើកោះនេះកញ្ជ្រោលឡើងកាន់តែខ្លាំង ហើយបានព្រមានក្រុមអ្នកតស៊ូមតិទាមទារឯករាជ្យឱ្យដកថយពីមាត់ជ្រោះ។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសចិន នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាន "ការបង្រួបបង្រួមដោយសន្តិភាព" ជាមួយកោះតៃវ៉ាន់ ប៉ុន្តែនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសចិន។

ទីក្រុងប៉េកាំង បានចាត់ទុកកោះស្វ័យគ្រប់គ្រងនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយពុំបានច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីក្រសោបយកកោះនេះនោះទេ។

ក្រុមអាជ្ញាធរតៃវ៉ាន់បានរងសម្ពាធកាន់តែខ្លាំងពីប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈសមយុទ្ធយោធា ការបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកជាបន្តបន្ទាប់នៅជុំវិញកោះនេះ។
ការអត្ថាធិប្បាយនេះបានធ្វើឡើងកាលពីថ្ងៃចន្ទក្នុងអំឡុងពេលការជួបជុំនយោបាយប្រចាំឆ្នាំវគ្គ២ របស់ប្រទេសចិន ដែលអ្នកនាំពាក្យកងទ័ពចិនលោក Wu Qian បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍រដ្ឋ CCTV ។
លោកបាននិយាយថា ការបំបែកខ្លួនទាមទារឯករាជ្យតៃវ៉ាន់កាន់តែខ្លាំងឡើង និងកាន់តែតឹងណែន នឹងរឹតករបស់ពួកគេ ហើយដាវដែលព្យួរលើក្បាលនឹងចាក់ទម្លុះក្បាលពួកគេ។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅនីង និយាយថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពរបស់ប្រទេសនេះ ហើយប្រឆាំងយ៉ាងដាច់អហង្ការចំពោះឯករាជ្យភាពកោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ៕