ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កើនការរិះគន់ប្រឆាំងសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយហៅថាជា "សមយុទ្ធសង្គ្រាមនុយក្លេអ៊ែរ" ប៉ុន្តែមិនបាននិយាយពីការសាកល្បងមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងដែលបានបាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះទេ។

យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃចន្ទ ក្នុងការសាកល្បងមីស៊ីលផ្លោងលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ត្រឡប់មកកាន់សេតវិមាន។

គ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ រួមទាំងទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយរបាយការណ៍ស្តីពីការបាញ់មីស៊ីលផ្លោងនោះទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។

ផ្ទុយទៅវិញសារព័ត៌មាន KCNA បានចេញផ្សាយអត្ថបទមួយស្តីពីការចាប់ផ្តើមនៃសមយុទ្ធរួម ដែលមានឈ្មោះថាខែលសេរីភាព ដោយហៅសកម្មភាពនោះថាជា"ការហាត់សមសង្រ្គាមប្រឈមដាក់គ្នា"។

នៅក្នុងអត្ថបទដាច់ដោយឡែកមួយ កាសែត Rodong Sinmun ដែលផ្តល់អារម្មណ៍ដល់អ្នកអានទូទៅកូរ៉េខាងជើងក៏បានរិះគន់សមយុទ្ធយោធារួមគ្នានេះផងដែរថាជា "សមយុទ្ធសង្គ្រាមនុយក្លេអ៊ែរ"មានគោលដៅលើកូរ៉េខាងជើង។
កាសែតនេះបានចោទប្រកាន់សម្ព័ន្ធមិត្តអាមេរិកថា "បានប្រមូលផ្តុំឧបករណ៍សង្គ្រាមនុយក្លេអ៊ែរចុងក្រោយបង្អស់ជាច្រើនប្រភេទ ដែលជាទំហំដ៏ធំនៃកងកម្លាំងឈ្លានពាន និងជនស៊ីវិល" ដើម្បីអនុវត្តសមយុទ្ធប្រចាំឆ្នាំនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទទី១០មីនា សប្ដាហ៍នេះ និងមានរយៈពេល១១ថ្ងៃ៕