ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ជំហររបស់អ៊ុយក្រែន ក្នុងកិច្ចពិភាក្សានៅថ្ងៃអង្គារ (១១ មីនា) នេះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមួយមន្ត្រីសហរដ្ឋអាមេរិក នឹងពោរពេញដោយភាព "ស្ថាបនាយ៉ាងពេញលេញ" ហើយថា លោកមានសង្ឃឹមខ្ពស់សម្រាប់លទ្ធផលជាក់ស្តែងចេញពីកិច្ចចរចាស្តីពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

លោក Zelenskiy បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថា "អ៊ុយក្រែន សង្ឃឹមសម្រាប់លទ្ធផលជាក់ស្តែង ហើយជំហររបស់ទីក្រុងគីវនៅក្នុងកិច្ចពិភាក្សាទាំងនេះ នឹងមានលក្ខណៈស្ថាបនាយ៉ាងពេញលេញ"។
លោក Zelenskiy ដែលបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីតសម្រាប់កិច្ចពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ក៏បានលើកឡើងថាផ្នែក "សំខាន់" នៃកិច្ចពិភាក្សារបស់លោកជាមួយភាគីអាមេរិក នឹងពាក់ព័ន្ធយ៉ាងខ្លាំងទៅលើបញ្ហានៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

សហរដ្ឋអាមេរិក ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ុយក្រែន ពេលនេះបានកែប្រែគោលនយោបាយរបស់ខ្លួនលើជម្លោះ ដោយស្វះស្វែងបញ្ចប់សង្រ្គាមឆាប់រហ័ស និងចូលរួមដោយផ្ទាល់ជាមួយទីក្រុងមូស្គូ ខណៈបញ្ឈប់ជំនួយផ្នែកយោធា និងការចែករំលែកចារកម្មដល់អ៊ុយក្រែន ក្នុងពេលដែលកងទ័ពរុស្ស៊ី បន្តវាយរុលយ៉ាងលឿនលើសមរភូមិ៕