ភ្នំពេញ ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញ គាំទ្រដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុក នៅលើវិស័យអចលនវត្ថុ មានតម្លែទាប និងមធ្យម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ក្រោមប្រធានបទ "ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" នៅថ្ងៃទី ២៥ខែវិច្ឆកា ឆ្នាំ ២០២១ នេះថា ស្របតាមនិន្នាការសកលសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករ នឹងងើបឡើងវិញក្នុងកំណើនទាបប្រមាណ ២,៤% ដោយសារការអូសបន្លាយនៃជម្ងឺកូវីដ ១៩ នឹងការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតយឺត នៃតម្រូវការសកល ជាមួយនៃការបន្ទូបន្ថយនូវវិធានការរដ្ឋបាលជាដំណាក់ៗ និងការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី នៃកិច្ចដំណើរការសង្កមសេដ្ឋកិច្ច ។
ជាមួយគ្នានេះ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងជួយពូនជ្រុំដល់កំណើនសេដ្ឋកិច្ច ដែលនឹងអាចងើបឡើងក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២ គឺដោយសារការកើន ឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុក នៅលើវិស័យអចលនវត្ថុ មានតម្លែទាប និងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ។
សូមបញ្ជាក់ថា៖ តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ដោយបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សុន រ៉ាឌី