ទន្ទឹមនឹងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ត្រៀមជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងសប្តាហ៍នេះ លោកប្រធានាធិបតី Donald Trump បាននិយាយជាលក្ខណៈឯកជនទៅកាន់ក្រុមមន្ត្រីជំនិតថាកិច្ចព្រមព្រៀងរ៉ែដែលនឹងត្រូវចុះហត្ថលេខារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv នឹងមិនគ្រប់គ្រាន់ដើម្បីចាប់ផ្តើមផ្តល់ជំនួយ និងការចែករំលែកព័ត៌មានចារកម្មជាមួយប្រទេស ដែលហែកហួរដោយសង្រ្គាមនោះទេ នេះបើយោងតាមមន្ត្រីរដ្ឋបាល និងមន្ត្រីសហរដ្ឋអាមេរិកមួយរូបទៀត។

លោក Trump ចង់បានកិច្ចព្រមព្រៀង ដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវភាគហ៊ុនក្នុងធនធានរ៉ែ របស់អ៊ុយក្រែន ត្រូវបានចុះហត្ថលេខា។ ក្រុមមន្ត្រីបាននិយាយថា ប៉ុន្តែលោកក៏ចង់មើលឃើញការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចំពោះការចរចាសន្តិភាព រួមទាំងឆន្ទៈក្នុងការធ្វើសម្បទាន ដូចជាការប្រគល់ទឹកដីឱ្យរុស្ស៊ី។

ក្រុមមន្ត្រីបាននិយាយថា លោក Trump ក៏ចង់ឱ្យលោក Zelenskyy ធ្វើសកម្មភាពខ្លះឆ្ពោះទៅរកការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែន និងអាចឈានដល់ការចុះចេញពីតំណែងជាមេដឹកនាំប្រទេសរបស់លោក។
ការបោះឆ្នោតនៅអ៊ុយក្រែនត្រូវបានផ្អាក ក្រោមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញរបស់ប្រទេសសម្រាប់ច្បាប់អាជ្ញាសឹក ដែលចូលជាធរមានចាប់តាំងពីរុស្ស៊ីបានវាយលុកក្នុងឆ្នាំ២០២២។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Brian Hughes បាននិយាយនៅពេលសួរអំពីតម្រូវការរបស់លោក Trump ថា ខណៈលោកប្រធានាធិបតី Trump បានបង្ហាញដោយការអានសាររបស់ប្រធានាធិបតី Zelenskyy នៅក្នុងសម័យប្រជុំរួម ប្រជាជនអ៊ុយក្រែនបានធ្វើសកម្មភាពវិជ្ជមាន។ស្របពេលនឹងមានកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងថ្ងៃអង្គារសប្តាហ៍នេះ យើងទន្ទឹងរង់ចាំស្តាប់ចំណុចវិជ្ជមានបន្ថែមទៀត ដែលសង្ឃឹមថានឹងបញ្ចប់សង្រ្គាម និងការបង្ហូរឈាមនេះ៕