ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed Shara កាលពីថ្ងៃចន្ទ បានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មលើអ្នកទាំងឡាយដែលទទួលខុសត្រូវសម្រាប់ការសម្លាប់រង្គាលលើក្រុមនិកាយជនជាតិភាគតិច របស់លោក Bashar al-Assad ដែលត្រូវបានបណ្តេញចេញពីណែង រួមទាំងសម្ព័ន្ធមិត្តរបស់លោក។

លោកនិយាយថា ដូចដែលយើងបានបញ្ជាក់ «ប្រទេសស៊ីរីគឺជាប្រទេសនីតិរដ្ឋ។ ដំបូងឡើយយើងបានប្រយុទ្ធប្រឆាំងរបបនេះ ហើយបានចូលទៅដល់ទីក្រុងដាម៉ាសដើម្បីការពារប្រជាជនដែលត្រូវបានគេជិះជាន់ ហើយយើងនឹងមិនទទួលយកការបង្ហូរឈាមណាមួយដោយអយុត្តិធម៌ ឬឲ្យកើតឡើងដោយគ្មានការដាក់ទណ្ឌកម្ម និងការទទួលខុសត្រូវឡើយ»។

រឿងនេះបានកើតឡើង បន្ទាប់ពីមនុស្សរាប់រយនាក់បានស្លាប់ក្នុងរយៈពេលបួនថ្ងៃនៃការប៉ះទង្គិចគ្នារវាងពលរដ្ឋមូស្លីមនីកាយអាឡាវីត(Alawite) និងអាជ្ញាធរអ៊ីស្លាមនិកាយស៊ុននីថ្មីរបស់ប្រទេសស៊ីរី។
លោក Sharaa បានស្តីបន្ទោសក្រុមអ្នកគាំទ្រលោក Assad ដែលគាំទ្រដោយជនបរទេសសម្រាប់ការបង្កការបង្ហូរឈាម ប៉ុន្តែបានទទួលស្គាល់ថាការសម្លាប់សងសឹកវិញ បានកើតឡើង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសស៊ីរី ជាក្រុមឃ្លាំមើលសង្រ្គាមមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា គិតត្រឹមយប់ថ្ងៃអាទិត្យ ជនស៊ីវិលនីកាយ Alawite ៩៧៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹក។ អ្នកប្រយុទ្ធនីកាយ Alawite ជាង២៥០នាក់ និងសមាជិកកងកម្លាំងសន្តិសុខជាង២៣០ នាក់ ក៏បានស្លាប់នៅក្នុងជម្លោះនេះដែរ។ លោក Sharaa បានបដិសេធមិននិយាយអំពីចំនួនអ្នកស្លាប់សរុប ខណៈកំពុងរង់ចាំការស៊ើបអង្កេតដោយគណៈកម្មាធិការឯករាជ្យ។