ប្រធានទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទ ថា មានហានិភ័យ ដែលតំបន់ហ្កាហ្សា ជួបប្រទះវិបត្តិមួយផ្សេងទៀតនៃភាពអត់ឃ្លាន ប្រសិនបើអ៊ីស្រាអែល នៅបន្តរារាំងជំនួយ ដោយព្រមានថា ស្ថានភាពកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។

អ៊ីស្រាអែល បានកាត់បន្ថយលំហូរជំនួយ នៃការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ កាលពីដើមខែនេះ ជាចំណាត់ការមួយដែលខ្លួនបាននិយាយថា ត្រូវបានរៀបចំដើម្បីដាក់សម្ពាធលើក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងកិច្ចចរចាបទឈប់បាញ់។ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានប្រកាសកាត់ផ្តាច់ចរន្តអគ្គិសនី ដែលក្រុមជំនួយនិយាយថា នឹងកាត់ផ្តាច់ទឹកស្អាតនៅតំបន់ហ្កាហ្សាផងដែរ។

លោក Philippe Lazzarini អគ្គស្នងការទីភ្នាក់ងារ UNRWA បាននិយាយថា លោកគិតថា នៅពេលដែល ការទប់ស្កាត់ជំនួយនៅតបន្តទៅមុខទៀត នោះយើងនឹងឃើញពីផលប៉ះពាល់ដែលកើនឡើងលើចំនួនប្រជាជន។ ជាក់ស្តែង ហានិភ័យគឺថាយើងត្រឡប់ទៅរកស្ថានភាពដែលយើងធ្លាប់បានជួបប្រទះ កាលពីខែមុន ពីភាពអត់ឃ្លានកាន់តែខ្លាំង នៅក្នុងតំបន់ហ្កាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ លោកបានពណ៌នាអំពីស្ថានភាពហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះថា «តានតឹង និងមានភាពមិនច្បាស់លាស់»។ អ៊ីស្រាអែល ដែលបានចោទប្រកាន់ជាយូរមកហើយថា ទីភ្នាក់ងារ UNRWA មានទំនាក់ទំនងជាមួយក្រុមហាម៉ាស បានរារាំងទីភ្នាក់ងារនេះពីទឹកដីរបស់ខ្លួន កាលពីខែមករា។ កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលកំពុងជំរុញយ៉ាងសកម្មដល់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ និងក្រុមជំនួយផ្សេងទៀតឱ្យកាន់កាប់ការងាររបស់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្កាហ្សា។