ប្រធានក្រុមហ៊ុនដែកថែបយក្សអ៊ុយក្រែន Metinvest បានប្រាប់សារព័ត៌មានរ៉យទ័រថា ការកសាងឡើងវិញនូវប្រតិបត្តិការដែលត្រូវបានបំផ្លាញដោយសង្គ្រាមយ៉ាងធ្ងន់ធ្ងរ នឹងពឹងផ្អែកលើភាពរឹងមាំនៃការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយជាមួយរុស្ស៊ី។

លោក Yuriy Ryzhenkov នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Metinvest និយាយថា ក្រុមហ៊ុនមានផែនការរក្សាផលិតកម្មឱ្យជិតដល់កម្រិតឆ្នាំ២០២៤ និងជំរុញគម្រោងនានាដើម្បីបង្កើនឯករាជ្យភាពថាមពលរបស់ខ្លួន។
ក្រុមហ៊ុន Metinvest ត្រូវបានបង្ខំឱ្យបិទអណ្តូងរ៉ែធ្យូងថ្មតែមួយគត់របស់ប្រទេសអ៊ុយក្រែនកាលពីខែមករា។ ក្រុមហ៊ុនបានបាត់បង់ទ្រព្យសម្បត្តិសំខាន់ៗមួយចំនួនរួចហើយនៅក្នុងជម្លោះ ជាពិសេសរោងចក្រដែកថែបយក្ស Azovstal និងរោងចក្រ Illich នៅទីក្រុង Mariupol និងអណ្តូងរ៉ែធ្យូងថ្មនៅទីក្រុង Avdiivka ។

លោក Ryzhenkov បាននិយាយនៅក្នុងបទសម្ភាសន៍ថា «យើងចាំបាច់ត្រូវមើលថាតើលក្ខខណ្ឌប្រភេទណាខ្លះ ដែលនឹងត្រូវបានព្រមព្រៀងសម្រាប់បទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព ហើយថាតើការធានាបែបណាខ្លះនឹងត្រូវបានផ្តល់ឲ្យដើម្បីឱ្យអាជីវកម្ម អាចចាប់ផ្តើមវិនិយោគម្តងទៀត»។
រយៈពេលជាងបីឆ្នាំនៅក្នុងជម្លោះ ក្រុមហ៊ុន Metinvest ក៏ដូចជាអាជីវកម្មនៅអ៊ុយក្រែនផ្សេងទៀតបានរៀនទទួលយកបញ្ហាប្រឈមក្នុងសម័យសង្រ្គាម ពីការវាយប្រហារលើរោងចក្ររបស់ខ្លួនរហូតដល់ការបង្អាក់ដល់ការដឹកជញ្ជូន និងកង្វះកម្លាំងពលកម្ម។ ក្រុមហ៊ុន Metinvest ផលិតដែកថែបបានប្រហែល១៤លានតោន មុនពេលការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅឆ្នាំ២០២២ ខណៈវិស័យដែក និងដែកថែប បានរួមចំណែកប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន។