សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យា ដែល មានគុណវុឌ្ឍិសម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន ពិសេសការខ្វះខាតគ្រូនៅតំបន់ជនបទ ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី របស់វិទ្យាស្ថាន វ៉ាន់ដា នា ព្រឹកថ្ងៃទី១១ ខែមីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកឡើងអំពីកំណើនសិស្សនៅទូទាំងប្រទេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យមានកង្វះគ្រូបង្រៀន ហើយដើម្បីដោះស្រាយបញ្ហានេះជា បណ្តោះអាសន្ន រាជរដ្ឋាភិបាល ចាំបាច់ត្រូវតែរក្សាទុកគ្រូបង្រៀនកិច្ចសន្យាដែលមានគុណវឌ្ឍិ សម្រាប់តំបន់ដែល មិនទាន់មានគ្រូថ្មីបញ្ជូនទៅដល់ ។
សម្តេចធិបតី បានសុំការយោគយល់ចំពោះកង្វល់ បានលើកឡើងថា ការរក្សាទុកគ្រូដែលចូលនិវត្តន៍ ហើយ ក្នុងនាមជាគ្រូកិច្ចសន្យា នាំឱ្យប៉ះពាល់ដល់គ្រូជំនាន់ថ្មីនោះ មិនមែនជាទូទៅទេ។
សម្តេចធិបតី បានបន្តថា ក្នុងរយៈពេលពីរឆ្នាំមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនគ្រូរាប់ពាន់ នាក់ដោយជ្រើសរើសបានបណ្តុះបណ្តាល ប៉ុន្តែការបណ្តុះបណ្តាលគ្រូមានរយៈពេលយូរ ជាពិសេសគ្រូវិទ្យាល័យ ដែលត្រូវការគុណវុឌ្ឍិកាន់តែខ្ពស់ដែលនាំឱ្យមានចន្លោះប្រហោងអន្តរកាល ដែលការនេះ បានជាត្រូវការគ្រូជាប់កិច្ចសន្យានៅបន្តបំពេញបន្ថែម ទៅតាមការបើកច្រកឱ្យមានកិច្ចសន្យារយៈពេលខ្លី៕