ក្រោយឃើញចលនារបស់យុវជន យុវនារី ឬក៏សិស្សានុសិស្ស បង្កើនការអាននូវសៀវភៅកាន់តែច្រើននោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកន្លែង អានសៀវភៅមួយនៅតំបន់ថ្មើរជើង (Walk Street) មុខព្រះបរមរាជវាំង ដើម្បីលើកកម្ពស់ការអាននេះឲ្យកាន់តែផុស ផុលបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវមោទនភាពចំពោះយុវជន យុវនារី សិស្សានុសិស្ស កម្ពុជា នាពេលបច្ចុប្បន្ន បាននាំគ្នាអានសៀវភៅយ៉ាងច្រើនកុះករ ខណៈព្រឹត្តិការណ៍នេះ គឺពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ហើយសម្តេចសូមលើកទឹកចិត្តឲ្យមានសកម្មភាពបែបនេះបន្តទៀត និងស្នើ ឲ្យអាជ្ញាធររៀបចំនូវកន្លែងអំណាននេះឲ្យបានច្រើនផងដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមីនា នេះ គឺជាទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអាន ផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ ការបង្កើតទិវាអំណាននេះ គឺក្នុងគោលបំណងរំឭកដល់វីរភាព និងគុណូប ការៈដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប ជាដើម៕អត្ថបទ៖ បាន ចក់


