សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត គឺជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញទេសចរ និងផ្ដល់ក្ដីសប្បាយរីករាយជូនពលរដ្ឋ និងដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតំបន់ខេត្តសៀមរាប ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រូវបានរៀបចំដើម្បី បម្រើឱ្យនយោបាយនោះឡើយ ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តធំជាងឆ្នាំណាទាំង អស់ នៅឆ្នាំនេះ មិនឆ្លុះបញ្ជាំងអំបីការបម្រើឱ្យបក្សនយោបាយណាទេ ឬបង្កើនប្រជាប្រិយភាពត្រកូលហ៊ុននោះដែរ គឺរៀបចំ ដើម្បីបង្កភាពសប្បាយរីករាយសម្រាប់ពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបនេះ មិនមែនធ្វើជំនួសព្រឹត្តិការអង្គរសង្ក្រាន្តទូទាំងប្រទេសនោះទេ ពោលគឺនៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេស ក៏អាចរៀបចំ សង្ក្រាន្តរៀងៗខ្លួនដូចរាល់ឆ្នាំផងដែរ ដើម្បីបង្កើតក្ដីសប្បាយរីករាយគ្រប់ទីកន្លែង ក្រោមម្លប់សន្តិភាព ៕អត្ថបទ៖ ម៉ក់ រេនីតា