អាជ្ញាធររុស្ស៊ីនិយាយថា អ៊ុយក្រែន បានកំណត់គោលដៅលើទីក្រុងមូស្គូ នៅព្រឹកថ្ងៃអង្គារ (១១ មីនា) នេះ នៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហារយានដ្រូនដ៏ធំបំផុតនៃសង្គ្រាម ទៅលើរដ្ឋធានីរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ បង្កជាអគ្គិភ័យ និងរំខានយ៉ាងទូលំទូលាយដល់ការដឹកជញ្ជូនតាមផ្លូវអាកាស និងរថភ្លើងនៅក្នុងតំបន់។

អភិបាលតំបន់មូស្គូ លោក Andrei Vorobyov បាននិយាយលើកម្មវិធីផ្ញើសារតេលេក្រាមថា "ថ្ងៃអង្គារនេះនៅម៉ោង ៤ព្រឹក (ម៉ោងក្នុងស្រុក) ការវាយប្រហារដោយយានដ្រូនដ៏ធំមួយបានចាប់ផ្តើមលើទីក្រុងមូស្គូ និងតំបន់មូស្គូ។ ហើយនៅពេលនេះ គេដឹងថាមនុស្សម្នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួស"។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin និយាយថា យ៉ាងហោចណាស់យានដ្រូន ៦៩គ្រឿងត្រូវបានបំផ្លាញ ដែលបានចូលមកជិតទីក្រុងនេះក្នុងរលកធំៗជាច្រើន។ ទីក្រុងមូស្គូ និងតំបន់ជុំវិញនោះ ដែលមានប្រជាជនយ៉ាងហោចណាស់ ២១លាននាក់ គឺជាតំបន់ទីប្រជុំជនដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប រួមជាមួយទីក្រុងអ៊ីស្តង់ប៊ុល។

ការវាយប្រហារនេះបានកើតឡើងនៅពេលសហរដ្ឋអាមេរិក កំពុងជំរុញឱ្យបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំរវាងរុស្ស៊ី-អ៊ុយក្រែន ដែលបានចាប់ផ្ដើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នៅថ្ងៃអង្គារនេះ ក្រុមមន្រ្តីអាមេរិក និងអ៊ុយក្រែន ក៏ជួបពិភាក្សាគ្នាលើកិច្ចប្រឹងប្រែងសន្តិភាពនៅអារ៉ាប៊ីសាអ៊ូឌីត៕