ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលរៀបចំឡើងតាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ ដែលជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២១។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា វេទិកានេះ បានធ្វើឡើងក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ហើយបានប្រព្រឹត្តទៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា ដោយប្រមូលផ្តុំតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាស្វែងរកវិធីសាស្ត្រ និងមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានាលើវិស័យសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាននូវកំណើនប្រកបដោយបរិយាប័ន្ន។
វេទិកានេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ បណ្តាអង្គទូតនៃប្រទេសសមាជិកអេសិម(ASEM) អ្នកធ្វើគោលនយោបាយ ក្រុមធុរជននិងវិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញការមកពីវិស័យសំខាន់ៗ និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប សរុបចំនួនប្រមាណ ៦០០នាក់។
ឯកឧត្តម បានបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ បានរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាមួយចំនួន ដែលក្នុងនោះ វាគ្មិន និងអ្នកចូលរួមទាំងអស់បានចែករំលែកទស្សនៈ បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន និងបានលើកជាអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងវិស័យឯកជន នៃប្រទេសសមាជិកប្រទេសសមាជិកអេសិមផងដែរ។
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោមព្រឹត្តិការណ៍អម ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ នឹងផ្តល់នូវលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាជាដើម៕
អត្ថបទ ៖ ឈិត បូរ៉ាវី