កងទ័ពអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារ (១១ មីនា) នេះថា ខ្លួនបានវាយប្រហារតាមអាកាសពេញមួយយប់លើទីបញ្ជាការយោធា និងមូលដ្ឋានផ្ទុកអាវុធ ព្រមទាំងគ្រឿងយុទ្ធោបករណ៍ នៅភាគខាងត្បូងប្រទេសស៊ីរី។

នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយបំផុតរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ស៊ីរី កងទ័ពអ៊ីស្រាអែល និយាយថាខ្លួនក៏បានកំណត់គោលដៅលើរ៉ាដា និងគ្រឿងឃ្លាំមើល ដែលប្រើប្រាស់វាយតម្លៃចារកម្មពីលើអាកាសនៅតំបន់ភាគខាងត្បូងស៊ីរីផងដែរ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមឃ្លាំមើលបានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះយោធាអ៊ីស្រាអែលនោះ បានធ្វើឡើងក្នុងខេត្ត Deraa ចម្ងាយ ១០៣គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស សំដៅលើទីតាំងយោធារបស់អតីតរបបលោក Bashar al-Assad។

ពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការស្លាប់ និងរបួសនោះទេ។ ចាប់តាំងពីការផ្តួលរំលំលោក Assad ក្នុងខែធ្នូមក អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសរាប់រយលើកលើគោលដៅនៅស៊ីរី នៅក្នុងអ្វីដែលអ៊ីស្រាអែលនិយាយថា ជាកិច្ចប្រឹងប្រែងរារាំងទ្រព្យសម្បត្តិយោធាទាំងនោះមិនឱ្យធ្លាក់ទៅក្នុងដៃកងកម្លាំងដែលមានអរិភាពចំពោះអ៊ីស្រាអែល៕