កំពង់ឆ្នាំង៖ ប្រជានេសាទលក្ខណៈគ្រួសារ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥នេះ បានថ្លែងថា ពួកគាត់សប្បាយចិត្តពេលឃើញផលនេសាទពីការដាក់មងចងសន្ទូចរបស់ពួកគាត់ ទទួលបានផលកើនឡើង អាចដោះស្រាយជីវភាពគ្រួសារពួកគាត់បានស្រួល មិនដូចពេលមុននោះឡើយ ។ ការទទួលបានផលច្រើនបែបនេះ ដោយសារកម្លាំងកងទ័ព បានចុះបង្ក្រាបបទល្មើសធំៗ នៅតាមដងទន្លេសាប និងបឹងទន្លេសាប នាំអោយត្រីចេញពីសម្រាស់ និងរួចពីរបាំងស្បៃមុង របាំងសាច់អួនវែងៗ ធ្វើអោយត្រីកើនឡើងនៅតាមដងទន្លេសាបឡើងវិញ។
ប្រជានេសាទបានអោយដឹងបន្តថា៖ ពួកគាត់ជាអ្នករស់នៅតាមទន្លេ មុខរបរដាក់មងចងសន្ទូចនេះ គាត់បានធ្វើតាំងពីដូនតា តែពួកគាត់មានការលំបាកខ្លាំងពេលរដូវសម្រាស់នេះតែម្តង ព្រោះពួកម្ចាស់សម្រាស់ធំៗទាំងនោះ ក្រៅពីដាក់មែកឈើចុះក្នុងទឹកទន្លេហើយ ពួកគេនៅអូសដើមកំប្លោកមកដាក់ពីលើទៀត នាំអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះ និងយកអ្នកជម្ងឺទៅពេទ្យជាដើម។ ម្យ៉ាងទៀតពេលពួកគាត់រាយមងចងសន្ទូច គឺពួកម្ចាស់សម្រាស់ទាំងនោះ គឺពួកគេបានដេញពួកគាត់មិនអោយពួកគាត់នេសាទក្បែរៗសម្រាស់របស់ពួកគេឡើយ។ ក៏ប៉ុន្តែពេលកម្លាំងកងទ័ពចុះមកបង្ក្រាបបែបនេះ ពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារ មានចិត្តសប្បាយ និងថ្មីៗនេះ ឃើញថាភោកផលត្រីទឹកសាបបានសំបូរឡើងវិញមួយកម្រឹត។ ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន របាំងស្បៃមុង នៅពេលយប់មានបទល្មើសទូកមងបង្ក្រាប ការរុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើនគ្រឿងកើតឡើងនៅក្នុងតំបន់ទន្លេសាប និងបានរុញផ្តាច់មងសន្ទូចរបស់ពួកគាត់ផងដែរ។ ប្រជានេសាទលក្ខណៈគ្រួសារ សង្ឃឹមថាកម្លាំងកងទ័ពនឹងបង្ក្រាបក្រុមជនល្មើសទាំងនោះអោយអស់។
រយៈពេលជាង៤០ថ្ងៃកន្លងមកនេះ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងយោធភូមិភាគ៥ កម្លាំងកងទ័ពពិសេស៩១១ កម្លាំងកងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បាន និងកំពុងចូលរួមសហការចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំង យ៉ាងសកម្មទាំងយប់ទាំងថ្ងៃ តាមបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ។ ការអនុវត្តបទបញ្ជារនេះ ដើម្បីថែរក្សាទន្លេសាប បឹងទន្លេសាប និងរក្សាធនធានធម្មជាតិ និងមច្ឆាជាតិទឹកសាប អោយគង់វង្ស សំរាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់៕ កាំង ហុងវាស្នា