នាវាដឹកប្រេងមួយគ្រឿងសម្រាប់យោធាអាមេរិក ត្រូវបានកប៉ាល់ដឹកទូកុងតឺន័រមួយគ្រឿងបើកបុកយ៉ាងពេញទំហឹង នៅភាគឦសាននៃដែនទឹកអង់គ្លេស កាលពីថ្ងៃចន្ទ (១០ មីនា) បណ្ដាលឱ្យមានការឆាបឆេះលើនាវាទាំងពីរ ដែលនាំឱ្យមានការផ្ទុះជាច្រើនដង និងបង្ខំឱ្យបុគ្គលិកនៅលើនោះបោះបង់ចោលនាវា និងភៀសខ្លួនដើម្បីសុវត្ថិភាព។
ប្រតិបត្តិករបាននិយាយថា នាវាដឹកប្រេង ដែលអាចផ្ទុកឥន្ធនៈបានរាប់ម៉ឺនតោននោះ បានបោះយុថ្កាឈប់ចត នៅពេលកប៉ាល់ដឹកទូកុងតឺន័រដ៏តូចមួយគ្រឿងបានបើកទៅបុក ហើយធ្វើឱ្យធុងផ្ទុករបស់នាវាបាក់ និងបញ្ចេញឥន្ធនៈចូលទៅក្នុងសមុទ្រ។ ក្រុមហ៊ុនម្ចាស់នាវា Stena Bulk ក៏បានផ្តល់ព័ត៌មានលម្អិតដូចគ្នានេះ។

ប្រភពសន្តិសុខដែនសមុទ្រនិយាយថា មិនមានការចង្អុលបង្ហាញពីសកម្មភាពបង្កគ្រោះថ្នាក់ដោយចេតនា ឬអ្នកដទៃផ្សេងទៀតពាក់ព័ន្ធនឹងឧប្បត្តិហេតុទេ។ ឆ្មាំល្បាតឆ្នេរចក្រភពអង់គ្លេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិក ៣៦នាក់ ត្រូវបាននាំយកទៅឆ្នេរសមុទ្រដោយសុវត្ថិភាព ហើយមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមនុស្សម្នាក់បាត់ខ្លួន។
អ្នកជំនាញព្រមានថា នៅតែមានហានិភ័យនៃការខូចខាតបរិស្ថាន។ នាវាផ្ទុកប្រេងឈ្មោះថា Stena Immaculate ដំណើរការដោយក្រុមភស្តុភារអាមេរិក Crowley បានដឹកប្រេង Jet-A1 នៅពេលត្រូវបុកដោយកប៉ាល់ដឹកទំនិញ Solong ខណៈកំពុងបោះយុថ្កាចតនៅសមុទ្រខាងជើង៕

