រដ្ឋាភិបាលខេត្តអនតារីយ៉ូ(Ontario) ប្រទេសកាណាដា កាលពីថ្ងៃចន្ទ បានអនុវត្តជាផ្លូវការនូវការដាក់ពន្ធបន្ថែម២៥ភាគរយលើការនាំចេញអគ្គិសនីទាំងអស់ទៅកាន់រដ្ឋចំនួនបីរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីប្រចាំខេត្ត Ontario លោក Doug Ford បាននិយាយថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការបង្កើនពន្ធ ទោះបីបិទការនាំចេញថាមពលទាំងស្រុងក៏ដោយ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មនៅតែបន្តកើតមាន។
ពន្ធបន្ថែមនេះនឹងធ្វើឲ្យប៉ះពាល់ដល់លំនៅឋាន និងអាជីវកម្ម ១,៥លានកន្លែងនៅក្នុងរដ្ឋ Michigan, Minnesota និងរដ្ឋ New York។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា វិធានការនេះទំនងជានឹងនាំមកនូវប្រាក់ចំណូលរហូតដល់៤០០.០០០ដុល្លារកាណាដា (ប្រហែល២៧៧.២៣៨ដុល្លារអាមេរិក) ជាប្រាក់ចំណូលក្នុងមួយថ្ងៃ និងបន្ថែមប្រហែល១០០ដុល្លារកាណាដា (ប្រហែល៦៩ ដុល្លារអាមេរិក) ក្នុងមួយខែសម្រាប់វិក័យប័ត្រប្រើប្រាស់មួយចំនួន ដែលត្រូវបានបង់ដោយប្រជាជនអាមេរិក នៅក្នុងរដ្ឋទាំងបីនោះ។
លោក Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺជាមហន្តរាយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ពួកគេកំពុងធ្វើឱ្យការប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃកាន់តែមានតម្លៃថ្លៃសម្រាប់គ្រួសារ និងអាជីវកម្មអាមេរិក។
លោក Ford និយាយថា ប្រសិនបើការគំរាមកំហែងដំឡើពន្ធមិនដំណើរការទៅរកស្ថានភាពល្អនោះទេ ខេត្តOntario នឹងមិនថយក្រោយវិញឡើយ ហើយនឹងប្រើគ្រប់មធ្យោបាយ និងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីការពារ ខេត្ត Ontario ។