ប្រធានាធិបតីប្រទេសអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងសមភាគីប្រទេសទុយនីស៊ី លោក Kais Saied កាលពីថ្ងៃចន្ទ បានបញ្ជាក់ជាថ្មីពីការប្រឆាំងដាច់ខាតរបស់ខ្លួន ចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដែលមានបំណងជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ឬធ្វើឱ្យអន្តរាយដល់គោលបំណងរបស់ពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ខុទ្ធការល័យប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយពិនិត្យមើលឡើងវិញនូវគំនិតផ្តួចផ្តើមរបស់ប្រទេសអេហ្ស៊ីប ដើម្បីរក្សាបទឈប់បាញ់ និងសម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ ។
សេចក្តីថ្លែងការណ៍ និយាយថា លោក Saied បានកោតសរសើរផែនការកសាងតំបន់ហ្កាហ្សាឡើងវិញរបស់អេហ្ស៊ីប ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់កាលពីពេលថ្មីៗនេះ ដោយមានការគាំទ្រជាឯកច្ឆ័ន្ទ។ មេដឹកនាំប្រទេសទុយនីស៊ី បានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសលោក ចំពោះផែនការនេះ ដោយបានបញ្ជាក់ពីគោលដៅរបស់ខ្លួនក្នុងការកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយគ្មានការជម្លៀសប្រជាជនរបស់តំបន់នេះ។