បាល់ទាត់៖ ក្រុមអាល្លឺម៉ង់ Borussia Dortmund អស់ឱកាសទៅវគ្គ ១៦ក្រុម UEFA Champions League ហើយក្រោយចាញ់នៅទឹកដី Sporting Lisbon ៣-១។ បន្ទាប់ពីចាញ់ជើងទីមួយ ១-០ នៅទឹកដីអាល្លឺម៉ង់ Sporting Lisbon ត្រូវឈ្នះវិញដើម្បីធានាកៅអីលេខ ២។

Pedro Goncalves គឺជាអ្នកចេញដំណើរបានល្អឱ្យ Sporting Lisbon ក្រោយរកបាន ២គ្រាប់ម្នាក់ឯងក្នុងវគ្គទី១ នាទីទី៣០ និង៣៩។ Dortmund ដែលបន្តអវត្តមានខ្សែប្រយុទ្ធ Erling Haaland ដោយសាររបួសនោះកាន់តែយ៉ាប់យ៉ឺននៅវគ្គទី២ បន្ទាប់ពី Emre Can ត្រូវបានបណ្តេញចេញនៅនាទីទី៧៤ ហើយម្ចាស់ផ្ទះក៏បង្កើតការនាំមុខដល់ ៣-០ នៅនាទីទី៨១ ដោយ Pedro Porro មុនពេលដែលខ្សែប្រយុទ្ធហូឡង់ Donyell Malen តបបានមួយគ្រាប់វិញនៅនាទីទី៩០+៣។

ជ័យជំនះនេះធ្វើឱ្យ Sporting Lisbon ធានាបានកៅអីវគ្គ ១៦ក្រុមចុងក្រោយដោយដាច់ក្រុមលេខ ៣ Dortmund ៣ពិន្ទុ និងមានស្ថិតិមួយទល់មួយជាមួយ Dortmund ៣-២ សរុបទាំងពីរជើង។ ងាកមក Ajax Amsterdam បន្តស្ថិតិឈ្នះ ៥ប្រកួតផ្ទួនៗក្រោយយកឈ្នះនៅទឹកដីទួរគី Besiktas ២-១ ដោយពីរគ្រាប់របស់អតីតខ្សែប្រយុទ្ធ West Ham, Sebastien Haller ម្នាក់ឯង។ ជ័យជំនះនេះធ្វើឱក្រុមរបស់លោក Erik ten Hag មាន ១៥ពិន្ទុពេញពីការប្រកួត ៥លើកឈ្នះទាំង ៥៕
អត្ថបទ៖នាង សុភាវុធ