អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស៤នាក់បានស្លាប់ និងប្រជាជនប្រហែល១០០គ្រួសារ គ្មានលំនៅឋាន ដោយសារតែបំណាក់ដីនៅក្នុងតំបន់ Narino ភាគខាងត្បូងប្រទេសកូឡុំប៊ី។
លោក Luis Alfonso Escobar អភិបាលតំបន់ Narino បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា «ភ្លៀងបានបង្កឱ្យមានគ្រាអាសន្ននៅក្នុងទីក្រុងជាច្រើន ប៉ុន្តែការបំផ្លិចបំផ្លាញភាគច្រើនបំផុតបានកើតឡើងនៅក្នុងសហគមន៍ El Encano ក្នុងទីក្រុង Pasto ជាកន្លែងដែលបំណាក់ដីបានឆក់យកជីវិតមនុស្ស៤នាក់ និងបានធ្វើឱ្យខូចខាតធ្ងន់ធ្ងរ» ។
បំណាក់ដីបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង៤០០គ្រួសារ ផ្លូវជាច្រើនខ្សែមិនអាចឆ្លងកាត់បាន និងបណ្តាលឱ្យបាក់ទំនប់ទឹកចំនួន ៣កន្លែង ។ អភិបាលតំបន់និយាយថា អាជ្ញាធរកំពុងបោសសម្អាតកម្ទេចកម្ទីរនៅតាមផ្លូវ និងផ្គត់ផ្គង់ទឹកស្អាតដោយរថយន្តដឹកទឹក។
នៅក្នុងទីក្រុង La Cruz ប្រជាជនចំនួន១០០គ្រួសារ ក៏បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយស្ពានថ្មើរជើងចំនួន៣កន្លែង ត្រូវបានទឹកហូរបំផ្លាញ។