យ៉ាងហោចណាស់សាកសពជនអន្តោប្រវេសន៍ចំនួន ៧០នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ នៅឆ្នេរសមុទ្រក្បែរទីក្រុង Yakhtul ភាគខាងជើងនៃទីក្រុង Mokha ប្រទេសយេម៉ែន។ នេះបើយោងតាម មន្ត្រីរដ្ឋាភិបាលយេម៉ែន។
ការរកឃើញសាកសពទាំងនេះ បានកើតឡើង បន្ទាប់ពីមានរបាយការណ៍អង្គការអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃសុក្រ ដែលបានបញ្ជាក់ថា មនុស្ស ១៨៦នាក់ បានបាត់ខ្លួន បន្ទាប់ពីទូកជនអន្តោប្រវេសន៍ចំនួន ៤គ្រឿ បានលិច នៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន និងប្រទេសជីប៊ូទី។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរក កំពុងបន្តនៅតាមបណ្តោយឆ្នេរ។ អ្នកនេសាទក្នុងស្រុក បាននិងកំពុងជួយអាជ្ញាធរ ក្នុងការទាញយកសាកសពឡើងលើកគោក។
អង្គការ IOM បានរាយការណ៍ថា ផ្លូវដ៏គ្រោះថ្នាក់រវាងតំបន់ញកអាហ្វ្រិក( Horn of Africa) ភាគខាងកើតនៃទ្វីបអាហ្រ្វិក និងប្រទេសយេម៉ែន បានឆក់យកជីវិតមនុស្សចំនួន ៥៥៨នាក់ ក្នុងឆ្នាំ ២០២៤ ដោយសង្កត់ធ្ងន់ថា «ត្រូវការវិធានការបន្ទាន់ ដើម្បីសង្គ្រោះជីវិត»។
នៅក្នុងឆ្នាំ ២០២៤ របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ជនអន្តោប្រវេសន៍អា ហ្វ្រិកចំនួន ៦០.៨៩៧នាក់ បានចូលមកក្នុងប្រទេសយេម៉ែន បន្ទាប់ពីបានធ្វើដំណើរតាមសមុទ្រប្រកបដោយគ្រោះថ្នាក់។