អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃចន្ទ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់អ្វីដែលហៅថា អង្គការមិនមែនរដ្ឋាភិបាល (NGOs) នៅក្រៅប្រទេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
លោក Baghaei បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅពេលដែលត្រូវបានស្នើសុំឲ្យពន្យល់អំពីសេចក្តីប្រកាសអំពីការបង្កកមូលនិធិរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
លោក Baghaei បានលើកឡើងថា ជាមួយនឹងវិធីសាស្រ្ត «ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ» រដ្ឋបាលរបស់សហរដ្ឋអាមេរិកផ្សេងៗគ្នា បានផ្តល់ប្រាក់យ៉ាងច្រើន ដល់ក្រុមប្រឆាំង «ឬក្រុមដែលត្រូវបានគេហៅថា ក្រុមប្រឆាំង ប៉ុន្តែជាក់ស្តែង បានធ្វើការឆ្ពោះទៅរក (ការអនុវត្ត)គោលនយោបាយរបស់សហ រដ្ឋអាមេរិក នៅក្នុងប្រទេសនានា»។
លោកបានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិកផ្សេងៗគ្នា បានប្រើប្រាស់ជំនួយបរទេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបង្កឲ្យមានការបែកបាក់ និងការបះបោរ។
កាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ( Donald Trump) បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការវាយតម្លៃឡើងវិញ និងការរៀបចំឡើងវិញនូវជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលបញ្ជាឲ្យផ្អាក«ជំនួយអភិវឌ្ឍន៍បរទេស»របស់ប្រទេសនេះ រយៈពេល ៩០ថ្ងៃ។