មេដឹកនាំយោធារបស់ប្រទេសហ្គាបុងលោក Brice Oligui Nguema នឹងជួបគូប្រជែងចំនួន ៣រូប ក្នុងនោះ មានអតីតនាយករដ្ឋមន្ត្រីផងដែរ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ១២ ខែមេសា របស់ប្រទេសនេះ។ នេះយោងតាមបញ្ជីឈ្មោះបេក្ខជន។
លោក Alain-Claude Bilie By Nze ដែលជានាយករដ្ឋមន្ត្រីចុងក្រោយ នៅក្រោមអតីតប្រធានាធិបតីលោក ដែលត្រូវបណ្តេញចេញពីតំណែង លោក Ali Bongo Ondimba ត្រូវបានគេចាត់ទុកថា ជាគូប្រជែងដ៏មានសក្តានុពលបំផុតចំពោះលោក Oligui ដែលបានដឹកនាំរដ្ឋប្រហារយោធា ដោយបានបញ្ចប់ការគ្រប់គ្រងគ្រួសាររបស់លោក Bongo រយៈពេល ៥៥ឆ្នាំ។
មេធាវី និងជាអធិការកិច្ចពន្ធ លោក Joseph Lapensee Essingone និងលោកវេជ្ជបណ្ឌិត Stephane Germain Iloko Boussengui មានឈ្មោះនៅក្នុងបញ្ជីបេក្ខជនចុងក្រោយ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Hermann Immongault បាននិយាយថា ជនជាតិហ្គាបុង ចំនួន ២៣រូប បានបង្ហាញពីបេក្ខភាពរបស់ពួកគេ ដោយមានតែ ៤រូប ប៉ុណ្ណោះ «ត្រូវបានគេចាត់ទុកថា អាចទទួលយកបាន។
លោក Immongault មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបដិសេធចំនួន ១៩រូប ដែលក្នុងនោះមាន មេដឹកនាំសហជីព និងសមាជិកព្រឹទ្ធសភាលោក Jean-Remy Yama ផងដែរ។
លោក Oligui ដែលបានប្រកាសកាលពីថ្ងៃទី ០៣ ខែមីនា ថា លោកនឹងឈរឈ្មោះ ជាប្រធានាធិបតី បានសន្យាថា នឹងប្រគល់ការគ្រប់គ្រងអំណាច នៅក្នុងប្រទេសនេះ ឲ្យទៅជនស៊ីវិលវិញ។