មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែន លោក Abdulmalik al-Houthi បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមរបស់លោកកំពុងរៀបចំប្រតិបត្តិការយោធាប្រឆាំងនឹងនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើជំនួយមនុស្សធម៌ មិនទៅដល់តំបន់ហ្កាហ្សា ក្នុងរយៈពេល ៤ថ្ងៃ ដែលលោកបានកំណត់កាលពីសប្តាហ៍មុន។
លោក al-Houthi បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ Al-Masirah របស់ក្រុមនេះថា៖«យើងរក្សា កាលបរិច្ឆេទកំណត់របស់យើងសម្រាប់ការបញ្ជូនជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយកងកម្លាំងប្រដាប់អាវុធរបស់យើង បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើប្រតិបត្តិការ»។
មេដឹកនាំក្រុមហ៊ួទី បានចេញឱសានវាទរយៈពេល ៤ថ្ងៃ ដល់អ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីជួយសម្រួលដល់ការបន្តការផ្តល់ជំនួយ ទៅកាន់តំបន់ហ្កាហ្សា។ ឱសានវាទនេះ ត្រូវបានកំណត់ថា នឹងផុតសុពលភាព នៅថ្ងៃអង្គារនេះ។
ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន រួមទាំងរដ្ឋធានី Sanaa បានបើកការវាយប្រហារដោយយានដ្រូន និងរ៉ូកែតប្រឆាំងនឹងនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងទីក្រុងអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបង្ហាញការគាំទ្រដល់ប៉ាឡេ ស្ទីន ចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត។
ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារសងសឹកទៅលើទីតាំងយោធារបស់ក្រុមហ៊ួទី ក្នុងទីក្រុង Sanaa និងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah។