បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបន្ទុកការចរចាចំណាប់ថ្នូរកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានប្រាប់ឲ្យដឹងថា ក្រុមហាម៉ាសបានស្នើប្រគល់ការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ជាថ្នូរនឹងបទឈប់បាញ់រយៈពេលពី ៥ ទៅ ១០ឆ្នាំ នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល។
លោក Adam Boehler បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែលថា ក្រុមដែលអាមេរិកកំណត់ជាភេរវករ បានស្នើផ្តល់បទឈប់បាញ់ អំឡុងកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជុំវិញកិច្ចប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរអាមេរិក និងអ៊ីស្រាអែលដែលនៅសល់។
លោក Boehler បានពណ៌នាការសន្ទនានេះថា ជា «ជំហានចាប់ផ្ដើមដំបូង» ប៉ុន្តែបាននិយាយថា ក្រុមហាម៉ាស បានស្នើនូវវិធានការ «សមហេតុផល» និង «អាចអនុវត្តបាន» មួយចំនួន។ លោក Boehler បានបញ្ជាក់ថា ការជជែកគ្នានេះបានបង្ហាញនូវភាពវិជ្ជមាន។

លោក Boehler បាននិយាយថា៖ «ពួកគេបានស្នើឲ្យមានបទឈប់បាញ់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាពេលដែលក្រុមហាម៉ាសនឹងដាក់ទម្លាក់អាវុធទាំងអស់ និងជាពេលដែលសហរដ្ឋអាមេរិកនឹងជួយ រួមជាមួយប្រទេសដទៃទៀត ធានាថា គ្មានផ្លូវរូងក្រោមដី គ្មានអ្វីដែលត្រូវពាក់ព័ន្ធនឹងភាគីយោធា ហើយថា ក្រុមហាម៉ាសមិនពាក់ព័ន្ធនឹងនយោបាយនោះឡើយ នាពេលអនគាត»។
ជាមួយគ្នានេះ លោក Boehler បានបញ្ជាក់បន្ថែមថា លោកបានធ្វើការយ៉ាងជិតដិតជាមួយអ៊ីស្រាអែល ជុំវិញកិច្ចពិភាក្សារបស់លោក ជាមួយក្រុមហាម៉ាស ទោះបីជាទីក្រុងហ្សេរុយសាឡឹម ត្រូវបានគេរាយការណ៍ថា មានការភ្ញាក់ផ្អើល ចំពោះការចរចារដោយសម្ងាត់របស់សហរដ្ឋអាមេរិកជាមួយក្រុមហាម៉ាសក៏ដោយ។
គួរបញ្ជាក់ថា កិច្ចចរចារ វាងសហរដ្ឋអាមេរិក និងក្រុមហាម៉ាស ត្រូវបានធ្វើឡើងផ្ទុយនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកកន្លងមក ហើយនៅក្រៅលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរៀបចំឡើងដោយអតីតប្រធានាធិបតី លោក Joe Biden ដែលបានចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ការដោះលែងចំណាប់ថ្នូរបន្ថែម ត្រូវបានសន្មត់ថា នឹងកើតមានឡើងជាមួយនឹងអ្វីដែលហៅថា ការពិភាក្សាដំណាក់កាលទី២ ដើម្បីបញ្ចប់សង្គ្រាម៕


