ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបើកការជជែកពិភាក្សាជាយុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយដៃគូអឺរ៉ុបរបស់លោក ហើយឥឡូវនេះ រូបលោកចង់ពិចារណាពីលទ្ធភាពនៃការពង្រីកបន្ថែមនូវការរារាំងនុយក្លេអ៊ែររបស់បារាំងទៅកាន់សហភាពអឺរ៉ុប (EU)។
សូមបញ្ជាក់ថា នៅអឺរ៉ុប ប្រទេស២ មានអាវុធនុយក្លេអ៊ែរ គឺបារាំង និងចក្រភពអង់គ្លេស។ ទីក្រុងប៉ារីសត្រូវបានគេជឿថា មានក្បាលគ្រាប់ចំនួន ២៩០គ្រាប់ និងទីក្រុងឡុងដ្រ៍មាន ២២៥គ្រាប់។ ប៉ុន្តែរដ្ឋធានីទាំង២ មិនមានភាពស្របច្បាប់ផ្នែកនយោបាយដូចគ្នា ដោយចក្រភពអង់គ្លេសមិនមែនជាផ្នែកនៃប្លុក ដែលមានសមាជិក ២៧ ទៀតទេ ហើយក៏មិនមានជាឱកាសជាយុទ្ធសាស្ត្រដូចគ្នាដែរ សម្រាប់ការធ្វើសមយុទ្ធ។
សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សានយោបាយអន្តរជាតិ នៅសាកលវិទ្យាល័យ Libre de Bruxelles (ULB) លោក Christophe Wasinski បានពន្យល់ថា៖ «ប្រទេសបារាំងមានឃ្លាំងអាវុធមួយដែលត្រូវបានចាត់ទុកថា ជាស្វយ័ត»។
ម្យ៉ាងវិញទៀត អាជ្ញាធរបារាំង មានអធិបតេយ្យភាពតឹងរ៉ឹង ទាក់ទងនឹងការរារាំងនុយក្លេអ៊ែរនេះ។ ហើយលោក Wasinski បន្ថែមថា ស្ថានភាពនេះ គឺខុសគ្នា សម្រាប់ចក្រភពអង់គ្លេស ដោយសារ «ចក្រភពអង់គ្លេស បានបង្កើតឃ្លាំងអាវុធ ដោយសហការជាមួយសហរដ្ឋអាមេរិក ហើយប្រទេសនេះត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងជំនួយពីសហរដ្ឋអាមេរិក ដើម្បីអាចដំណើរការឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនបាន»។
ការពង្រីកការរារាំងនុយក្លេអ៊ែររបស់បារាំង នឹងតម្រូវឲ្យមានការពិចារណាឡើងវិញយ៉ាងស៊ីជម្រៅ ទាំងផ្នែកនយោបាយ និងគោលការណ៍។ ទីក្រុងប៉ារីសគ្រោងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើ «ផលប្រយោជន៍សំខាន់» របស់ខ្លួន ត្រូវបានគំរាមកំហែង។
ការពង្រីកការរារាំងនុយក្លេអ៊ែររបស់បារាំង នឹងមានន័យថា កំណត់វិសាលភាពរបស់ខ្លួនឡើងវិញ។ ប្រធានាធិបតីបារាំង ធ្លាប់បានណែនាំរួចហើយ កាលពីអតីតកាលថា ផលប្រយោជន៍សំខាន់ៗទាំងនេះ អាចមានទាំងអឺរ៉ុបផងដែរ។ ប៉ុន្តែការពង្រីកវិសាលភាពនេះ ក៏បង្កើនលទ្ធភាពផងដែរ ដែលថា បារាំងត្រូវបានកំណត់គោលដៅ។ យ៉ាងណាក្ដី ឆ័ត្រការពារនុយក្លេអ៊ែរនេះ ក៏ត្រូវបានសង្ស័យអំពីសមត្ថភាពផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺថា ប្រសិនបើបារាំងមានធនធានគ្រប់គ្រាន់ ដើម្បីធ្វើការរារាំង តើឃ្លាំងអាវុធនេះគ្រប់គ្រាន់ ដើម្បីការពារសហភាពអឺរ៉ុបបានដែរ ឬទេ?៕