ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ី បានចោទប្រកាន់ចក្រភពអង់គ្លេសថា ជា «អ្នកជំរុញដ៏ធំ» ដែលនាំឲ្យមានជម្លោះពិភពលោក។
ពាក្យនេះបានកើតមានឡើងបន្ទាប់ពីជនជាតិអង់គ្លេស ២នាក់ ត្រូវបានបណ្តេញចេញពីទីក្រុងមូស្គូ ក្រោយត្រូវបានចោទប្រកាន់ពីបទ «ចារកម្ម»។ វិមានក្រឹមឡាំងបានដកហូតការទទួលស្គាល់ជាផ្លូវការរបស់ពួកគេ ចំពោះអ្វីដែលរុស្ស៊ីហៅថា «វត្តមានស៊ើបការណ៍សម្ងាត់ដែលមិនបានប្រកាសប្រាប់ឲ្យដឹង»។
ដោយចែករំលែកសេចក្តីថ្លែងការណ៍ ក្នុងរយៈប៉ុន្មានម៉ោងបន្ទាប់ពីបុគ្គលទាំង ២រូប ត្រូវបានប្រាប់ថា ពួកគេមានពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ដើម្បីចាកចេញពីរុស្ស៊ីនោះ SVR បានប្រាប់ថា ដូចដែលយើងបានឃើញហើយ ទីក្រុងឡុងដ្រ៍ សព្វថ្ងៃនេះ ដើរតួជា «អ្នកជំរុញ» ដ៏ធំនៃជម្លោះពិភពលោក ដូចដែលប្រទេសនេះបានបង្កឲ្យមានសង្គ្រាមលោកទាំង ២លើកនៃសតវត្សរ៍ចុងក្រោយនេះ។
ទីភ្នាក់ងារនេះ បានបន្ថែមថា «ក្នុងពេលជាមួយគ្នានេះ អង់គ្លេសខ្លួនឯងផ្ទាល់ ជាក់ស្ដែង កំពុងព្យាយាមមិនពាក់ព័ន្ធនឹងជម្លោះដោយផ្ទាល់ ពោលគឺបង្កបញ្ហា តែខ្លួនឯងមានសុវត្ថិភាព។ វាដល់ពេលដែលត្រូវលាតត្រដាងពីពួកគេ ហើយបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ក្រុមមនុស្សលាក់ពុត ដោយប្រាប់ពួកឥស្សរជនទាំងនោះថា អ្នកនឹងមិនជោគជ័យនោះទេ»។
ជាមួយគ្នានេះ SVR ក៏បានអះអាងផងដែរថា ចក្រភពអង់គ្លេស «មើលឃើញការគំរាមកំហែងដល់ផលប្រយោជន៍របស់ខ្លួន» ដោយសារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវបានស្តារឡើងវិញ។
នៅមុននេះ វិមានក្រឹមឡាំង បានប្រាប់ថា បុរសអាយុ ៣៤ឆ្នាំ និងស្ត្រីអាយុ ៣២ឆ្នាំ «នឹងត្រូវដកហូតការទទួលស្គាល់ផ្លូវការរបស់ពួកគេ ហើយត្រូវចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ២សប្តាហ៍” ។ គេជឿថា បុគ្គលទាំង ២រូប ម្នាក់ជាអ្នកការទូតចក្រភពអង់គ្លេស និងម្នាក់ជាប្តី ឬប្រពន្ធរបស់អ្នកការទូតម្នាក់ផ្សេងទៀត៕